ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេម៉ាយម្នាក់ណាត់ប្រុសមកសែនព្រេនហើយបុរសនោះជាប្តីគេមិនបានមកតូចចិត្តចងកសម្លាប់ខ្លួនចោលកូន៣នាក់

ចែករំលែក៖

 

ខេត្តកំពង់ធំះ ស្រ្តីមេម៉ាយកូន៣ម្នាក់ នចងកធ្វើអត្តឃាត ដោយសារតែហៅខាងប្រុសសែនព្រេន ខាងប្រុសមិនមក ។ ហេតុការណ៍បង្កឲ្យភាពភ្ញាក់ផ្អើលនេះសាច់ញាតិប្រទះឃើញនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ចំណុចផ្ទះបាយរបស់ខ្លួនស្ថិតនៅភូមិ ស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមមន្រ្តីនគរបាលប៉ុស្តិ៍ឃុំទំរីងបានផ្តល់ព័ត៌មានតាមទូរស័ព្ទថា ស្រ្តីរងគ្រោះឈ្មោះគឹម អាង អាយុ២៩ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានចងកនឹងខ្សែអង្រឹង ភ្ជាប់នឹងឃ្នាប់ផ្ទះ បានបន្សល់កូនកំព្រារតូចៗ៣នាក់ (ប្រុស២ ស្រី១)។ បុរសជាគូស្នេហ៍ឈ្មោះ ញ៉ក់ គ្រី ទីលំនៅភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់ ហើយបើតាមមន្ត្រីប៉ូលិសបានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះនិងឈ្មោះញ៉ក់ គ្រី ស្រឡាញ់គ្នារបៀបលូចលាក់ជាយូរមកហើយ តែបងប្អូនខាងស្រីមិនទាន់ដឹង ក្រោយមកបងប្អូនដឹងរឿង ក៏នាំគ្នាស្តីបន្ទោសថា យកអីប្តីគេ មិនដែល រស់នៅសុខស្រួលទេ ដោយតូចចិត្តនឹងបងប្អូនស្តីបន្ទោសផងនោះ គួបផ្សំនឹងហៅគូស្នេហ៍មកសែនព្រេន តែគូស្នេហ៍មិនមក ក៏ដាច់ចិត្តបញ្ចប់ជីវិតដោយចងកធ្វើអត្តឃាតតែម្តង។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា នៅថ្ងៃទី០៥ ខែមិថុនា ខាងស្ត្រីរងគ្រោះបានហៅបុរសកំណាន់ចិត្តមកសែនព្រេន ដើម្បីកុំឲ្យខ្មោចធើ និងកុំឲ្យញាតិគេសើចចំអក តែខាងប្រុសនៅវេលាថ្ងៃណាត់មិនបានមកទេ លុះយប់ជ្រៅបន្តិចទើបមកដល់ជួបស្ត្រីរងគ្រោះ ស្រាប់តែស្ត្រីរងគ្រោះបានចោទប្រកាន់ទៅលើឈ្មោះញ៉ក់ គ្រីថា ចាប់រំលោភនាង ដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍រដ្ឋបាលឃុំទំរីង មន្ត្រីប៉ុស្តិ៍ហៅអ្នកទាំងពីរមកសាកសួរ ពេលសាកសួរឈ្មោះញ៉ក់ គ្រី បានឆ្លើយថា មិនមែនទេ ។ ក្រោយការសាកសួររួចក៏បែកគ្នាទៅផ្ទះរៀងខ្លួន លុះ ព្រឹកឡើង ក៏ប្រទះឃើញស្រ្ដីរងគ្រោះ ចងកសម្លាប់ខ្លួន ចោលកូន ទាំង៣នាក់ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចធ្វើកុសល្យវិច័យ ដោយសន្និដ្ឋានថា ស្រ្ដីរងគ្រោះស្លាប់ដោយសារចងក ព្រោះតូចចិត្តយ៉ាងពិតប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ ៕ ប៊ុន រិទ្ធី


ចែករំលែក៖