ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់បង្រ្កាបគ្រឿងញៀននៅក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចេញ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅក្នុងក្រុងបាត់ដំបង ផ្ទុះអាវុធ៣គ្រាប់ បាញ់បំបែកកង់រថយន្តជនសង្ស័យគ្រឿងញៀន ខណៈដែលជនសង្ស័យគ្រឿងញៀនបានបើករថយន្តបុកកម្លាំងសមត្ថកិច្ចបណ្តាលឱ្យរងរបួសម្នាក់ ដែលបានរារាំងចេញស្ទាក់រថយន្តជនសង្ស័យនៅពេលកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់ ថ្នាំញៀនមួយចំនួនធំ និងរថយន្តកាមរីឆ្លាម១គ្រឿង ។

ការបង្រ្កាបកម្លាំងអាវុធហត្ថធ្វើឡើងកាលពីចន្លោះវេលាម៉ោង១រសៀល រហូតដល់វេលាម៉ោង១០យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាសាស្រ្តសង្កាត់រតនៈ សង្កាត់ទួលតាឯក និងសង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងចំណោមជនសង្ស័យទាំង៣នាក់នោះ មានម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកមកហើយ ជាប់ពាក់ព័ន្ធនឹងជួញដួរគ្រឿងញៀនខុសច្បាប់ផងដែរ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១,ពោ សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិឱម៉ាល់ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ២,ចំរើន តារាហៅពាវ ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរាំងក្រោល ឃុំរាំកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យរូបនេះជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ៣លើកមកហើយ និងទើបតែចេញពីពន្ធគារប្រហែល៦ខែប៉ុណ្ណោះ និង៣, សុខ រ៉ាវី ភេទប្រុស អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិនរា ឃុំនរា ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

វត្ថុតាងគ្រឿងញៀនដកហូតបានប្រភេទមេតំហ្វេតាមីនទឹកកកចំនួន១៧កញ្ចប់តូច ថ្នាំញៀនមេតំហ្វេតាមីន WY ៦គ្រាប់ រថយន្តកាមរីឆ្លាម១គ្រឿងពណ៌ស ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខភ្នំពេញ២C៤៧៧៣ ។

ជនសង្ស័យគ្រឿងញៀនទាំង៣នាក់ រួមនិងវត្ថុតាងថ្នាំញៀនបច្ចុប្បន្នស្ថិតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ យកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖