ព័ត៌មានទាន់ហេតុការណ៍៖

អតីតទាហានអាមេរិកបាញ់ប្រហារនៅតំបន់ឧស្សាហកម្មទីក្រុង Orlando ស្លាប់៥នាក់

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមិថុនា អតីតទាហានអាមេរិកបានបើកការបាញ់ប្រហារនៅក្នុងក្រុមហ៊ុនមួយនៅទីក្រុង Orlando បណ្តាល ឲ្យមនុស្ស៥នាក់ស្លាប់។ អតីតយោធា អាមេរិកឈ្មោះ John Robert Neumann Jr បានសម្លាប់បុគ្គលិកក្រុមហ៊ុន Fiamma មុនពេលបាញ់សម្លាប់ខ្លួនឯង។

ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ជនដៃដល់មានទំនាក់ទំនងមិនល្អជាមួយជន រងគ្រោះនៅក្នុងការបាញ់ប្រហារនោះ។ លោក Jerry Demings មន្ត្រីប៉ូលិសក្នុង តំបន់បានបញ្ជាក់ថា នៅពេលការបាញ់ ប្រហារកើតឡើងមានបុគ្គលិក ១២នាក់ កំពុងធ្វើការ។ ប៉ូលិសទទួលបានការហៅពីបុគ្គលិកនៅទីនោះក្នុងពេលមានការ បាញ់ប្រហារ កាលពីវេលាម៉ោង៨ ថ្ងៃទី៥ ខែមិថុនា ហើយប៉ូលិសក៏បានទៅដល់កន្លែង កើតហេតុក្នុងរយៈពេល២នាទី។

លោក Jerry Demings បញ្ជាក់ថា ពេលដែលលោកទៅដល់កន្លែងកើតហេតុ លោកបានឃើញមនុស្សជាច្រើនត្រូវជនដៃដល់បាញ់សម្លាប់ក្នុងនោះមានបុរស៣នាក់ និងស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះទី៥បានស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកមនុស្ស ៧នាក់ទៀតមានវត្តមាននៅក្នុងអគារនោះមិនរងរបួសឡើយ។

លោក Jerry Demings បានបញ្ជាក់ ទៀតថា ជនដៃដល់យកកាំភ្លើងខ្លី និង កាំបិតទៅតាមខ្លួន ប៉ុន្តែមិនបានប្រើកាំបិត នោះទេ គឺប្រើតែកាំភ្លើងបាញ់ប្រហារ ប៉ុណ្ណោះ។ ជនដៃដល់ធ្លាប់ពាក់ព័ន្ធបទល្មើស ជាច្រើន ក្នុងនោះមានការប្រើប្រាស់ថ្នាំញៀន និងបង្ករបួសស្នាមជាដើម។

ប៉ូលិសបានឲ្យដឹងថា ក្នុងហេតុការណ៍បាញ់ប្រហារខាងលើគឺជា គំនុំផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនោះឡើយ។ នៅពេលនេះដែរកម្លាំងប្រឆាំង ក្រុមភេរវកម្មបានទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនត្យស្ថានភាពផងដែរ។

កន្លងមកទីក្រុង Orlando ធ្លាប់ទទួល រងការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ បំផុតនៅលើទឹកដីអាមេរិកបន្ទាប់ពីការវាយ ប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ ការ វាយប្រហារដោយបាញ់រះកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ សម្លាប់មនុស្ស៤៩ នាក់ នៅក្នុងក្លិបរាត្រី Pulse៕ ម៉ែវ សាធី

John Robert Neumann Jr


ចែករំលែក៖