ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនខេត្តកណ្តាលឡើងជាង៦ម៉ឺនសំឡេង រីឯគណបក្សសង្គ្រោះជាតិបាត់សំឡេង៦,៤ម៉ឺនសំឡេង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅខេត្តកណ្តាល គឺជាទីតាំងឈរជើងរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេចតេជោហ៊ុន សែន បានកើនឡើងសំឡេងឆ្នោតរហូតដល់ជាង៦ម៉ឺន សំឡេង ខណៈដែលគណបក្សសង្គ្រោះ ជាតិបានបាត់បង់សំឡេងគាំទ្រយ៉ាងគំហុករហូតដល់ជាង៦ម៉ឺន៤ពាន់សំឡេងបើ ប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅ(នេះបើយោងតាមទិន្នន័យក្រៅផ្លូវការ)។

សម្រាប់ខេត្តកណ្ដាល ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៤ ឆ្នាំ២០១៧នេះ គណបក្សប្រជាជន កម្ពុជាបានទទួលតំណែង ជាមេឃុំ-ចៅ សង្កាត់ រហូតដល់៧៩ឃុំ-សង្កាត់។ រីឯ គណបក្សសង្គ្រោះជាតិវិញទទួលបាន តំណែងជាមេឃុំចៅសង្កាត់បានត្រឹមតែ ៤៨ឃុំ-សង្កាត់ប៉ុណ្ណោះ។

យោងតាមលទ្ធផលបឋមនិងក្រៅផ្លូវ ការបានបង្ហាញថា សម្រាប់ខេត្តកណ្ដាល មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៦៥៩,៧៧៩នាក់ ស្មើនឹង៩៤.២០ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមានចំនួន ៦៣៩,០៤៧សន្លឹក។ រីឯសន្លឹកឆ្នោតមិន បានការមានចំនួន២០,៨៣២សន្លឹក។

លទ្ធផលបឋមក្រៅផ្លូវការនេះបាន បង្ហាញឲ្យឃើញថា៖ «គណបក្សប្រជា ជនកម្ពុជាទទួលបាន៣២៣,១៤៩ សំឡេង។ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន៣០១,២៩៧សំឡេង ដូច្នេះ​មានន័យថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសគណបក្សសង្គ្រោះ ជាតិ រហូតដល់២១,៨៥២សំឡេង។ ប៉ុន្ដែបើប្រៀបធៀបសំឡេងការបោះឆ្នោតកាល ពីឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប គឺពេលនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២៦១,៥៨៧សំឡេង។ ដូច្នេះការ បោះឆ្នោតលើកនេះ គណបក្សប្រជាជន កម្ពុជាបានកើនឡើងសំឡេងរហូតដល់ ៦១,៥៦២សំឡេង។ ដោយឡែកគណ បក្សសង្គ្រោះជាតិបានថយចុះសំឡេង យ៉ាងគំហុក ដោយសារតែកាលពីការបោះ ឆ្នោតឆ្នាំ២០១៣ ទទួលសំឡេងរហូតដល់ ៣៦៦,០៥៦សំឡេង ប៉ុន្ដែការបោះឆ្នោតលើកនេះទទួលត្រឹមតែ៣០១,២៩៧ សំឡេង»។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោត លើកនេះនៅខេត្តកំពង់ចាមឯណោះវិញ ដែលជាទីតាំងឈរជើងរបស់លោក កឹម សុខា គណបក្សសង្គ្រោះជាតិទទួលបាន តំណែងជាមេឃុំចៅសង្កាត់ច្រើនជាង​ គណបក្សប្រជាជនកម្ពុជា ប៉ុន្ដែបានថយ ចុះសំឡេងយ៉ាងគំហុករហូតដល់៥៤,៤១០ សំឡេងឯណោះ។ ចំណែកគណបក្សប្រជា ជនកម្ពុជាបានកើនឡើងសំឡេងរហូតដល់ ២៥,៧៣១សំឡេង។

សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាព បរិយាកាសល្អប្រសើរ មានការទទួលស្គាល់ ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ជាតិ និង អន្ដរជាតិនោះជាលទ្ធផលប្រជាពលរដ្ឋ ចំនួន៧,០៤០,៥៩៤នាក់ ស្មើនឹង៨៩.៥២ ភាគរយក្នុងចំណោមប្រជាជន ដែលបាន ចុះឈ្មោះបោះឆ្នោតចំនួន៧,៥៦៥,០៣៣ នាក់បានអញ្ជើញទៅបោះឆ្នោត។

លទ្ធផលបឋមក្រៅផ្លូវការសម្រាប់ការ បោះឆ្នោតលើកនេះគណបក្សប្រជាជន កម្ពុជាទទួលបាន១,១៦៣ឃុំសង្កាត់ស្មើ នឹងជាង៧០ភាគរយ ខណៈដែលគណ បក្សសង្គ្រោះជាតិទទួលបាន៤៨២ឃុំ- សង្កាត់ ស្មើនឹងប្រមាណ៣០ភាគរយ ប៉ុណ្ណោះ។ រីឯគណបក្សខ្មែររួបរួមជាតិទទួល បាន១ឃុំនៅក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។

កាលពីព្រឹកម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅតែ បង្ហាញក្តីរីករាយចំពោះលទ្ធផល ព្រោះការ បោះឆ្នោតនេះបើធៀបឆ្នាំ២០១៣ គណបក្ស ប្រជាជនកម្ពុជាបានកើនសំឡេងឆ្នោត ជាង៣០ម៉ឺនសំឡេង។ តាមរយៈលទ្ធផល នេះបានបង្ហាញថា គណបក្សប្រជាជន កម្ពុជានៅតែបន្តដណ្តើមបានជ័យជម្នះនៅ ឆ្នាំ២០១៨ ក្នុងការដឹកនាំរាជរដ្ឋាភិបាល៕ ហេង នរិន្ទ្រ


ចែករំលែក៖