ភ្នំពេញ៖ យុវជន១ក្រុម មានគ្នា៣ទៅ៤ម៉ូតូ បានដេញវាយយុវជនមួយក្រុមទៀត នៅចំណុចកោះពេជ្រ បន្ទាប់មក ពួកគេក៏ជិះម៉ូតូបែកផ្លូវគ្នា ដោយយុវជន២នាក់ ជិះម៉ូតូឌុបគ្នាមួយម៉ូតូ ចំណែកបក្ខពួកទៅផ្លូវផ្សេង ខណៈកំពុងជិះតាមផ្លូវ ស្រាប់តែក្រុមជនរងគ្រោះប្រទះឃើញ ក៏ដេញវាយវិញបណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសារមន្ទីរ តាមបណ្តោយផ្លូវលេខ១៣ កែងផ្លូវ១៨៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូ១គ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ 9540 បើករត់ពីការដេញវាយរបស់យុវជនមួយក្រុមជិះម៉ូតូ៤ទៅ៥គ្រឿង តាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយផ្លូវហាមឃាត់ដាក់ប៉ារាស់រាំងមិនឲ្យឆ្លងកាត់ ក៏បានចាប់ហ្វ្រាំងដួល ហើយត្រូវក្រុមទាំងនោះព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។
សាក្សីដដែលបានបន្តថា បន្ទាប់ពីវាយតប់គ្នារួចក្រុមយុវជនខាងលើបានគេចខ្កួនបាត់អស់បន្សល់ទុកជនរងគ្រោះដេកដួលក្នុងថ្លុកឈាម ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យភ្លាមៗតែម្តង។
បើតាមកម្លាំងអាវុធហត្ថវិញបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងបក្ខពួកមានគ្នា៤ទៅ៥ម៉ូតូ ហើយបានទៅដេញវៃភាគីម្ខាងទៀត ក្រោយមក ពួកគេក៏បានជិះម៉ូតូបែកគ្នាដោយជនរងគ្រោះជិះម៉ូតូ២នាក់ ក្រោយមក ភាគីដែលគេដេញវៃប្រទះឃើញក៏ដេញវៃវិញឲ្យរបួសបែបនេះតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ជ័យជំនះរង់ចាំម្ចាស់មកយកទៅវិញ៕ សុខាសែនជ័យ