ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានឈើទ្រុឌទ្រោម២កន្លែងនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច សុំជួយជួសជុលផង

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ ស្ពានឈើទ្រុឌទ្រោម២កន្លែង ស្ថិតនៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋដើរជាប្រចាំនោះ កំពុងប្រឈមនឹងការពុកផុយ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ ក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ។ ស្ពានទាំងពីរកន្លែងនេះ ស្ថិតនៅព្រែកស្ទឹងស្ងួត ក្នុងភូមិស្ទឹងស្ងួត និង មួយកន្លែងទៀត ស្ថិតក្នុងព្រែកតាកំ ដែលស្ថិតក្នុងភូមិខ្លាគ្រហឹម ។

ប្រជាពលរដ្ឋដែលឆ្លងកាត់ស្ពានទាំង២កន្លែងនេះបានឲ្យដឹងថា ស្ពានទាំងពីរកន្លែងនេះ មានការខួចខាតស្ទើរទាំងស្រុងទៅហើយ និងខូចជាយូរឆ្នាំមកហើយ ពេលដើរឆ្លងម្តងៗ មានការភ័យខ្លាច ទាំងរដូវប្រាំង និងរដូវវស្សា ព្រោះឈើកម្រាលស្ពាន ដែលធ្វើនេះរបើកចេញ ខ្លះបាក់ផុយ ឆ្លងពេលខ្លះធ្លាក់ទាំងម៉ូតូ និង មនុស្សទៅក្រោមស្ពាន ក៏មានដែរ ។ ស្ពានទាំងនេះ បានតភ្ជាប់ជាច្រើនភូមិ មួយផ្នែកត្រូវបានឆ្លងទៅខាងខេត្តកំពង់ចាម និងមួយផ្នែកទៀតឆ្លងកាត់រហូតដល់ខេត្តកណ្តាល ផងដែរ ។

ចំណែកសិស្សានុសិស្សវិញបានប្រាប់ថា ពួកគេព្រលឹងចុងសក់ហើយពេលដែលឆ្លងស្ពាននេះ ពិតជាលំបាកមែនទែន បើខែប្រាំងនោះ មិនសូវប៉ុន្មាននោះទេ ប៉ុន្តែបើខែវស្សាវិញ ទឹកហូរក្រោមស្ពានខ្លាំងញ័រស្ពានអស់ហើយ កង់ដែលជិះទៅសាលារៀន ពេលមកដល់ស្ពានគឺត្រូវចុះបណ្តើរ បើមិនប្រយ័ត្នទេ ផុងជាប់នៅនឹងស្ពាន ពេលខ្លះទៅដល់ក្រោមស្ពានទៀតផង ។

ករណីនេះ ពួកគាត់បានសំណូមពរ ឲ្យជំនាញ ក៏ដូចជា អាជ្ញាធរមេត្តាជួយមើល និង ជួយសាងសង់ស្ពាននេះផង ព្រោះពួកគាត់ជួបការលំបាកខ្លាំងណាស់ ។

ពាក់ពន្ធ័ករណីខាងលើនេះ ក្នុងនាមលោកមេឃុំអំពិលទឹកបានបញ្ជាក់ថា លោកនឹងព្យាយាមដាក់សំណើសុំទៅមន្ទីរជំនាញ និង រដ្ឋាភិបាល ដើម្បីសាងសង់ស្ពាននេះឲ្យបាន ព្រោះវាជាការលំបាកពិតប្រាកដមែន កន្លងមក អាជ្ញាធរមូលដ្ឋានក៏ធ្លាប់ស្វែងរកអ្នកសប្បុរជនជួយដែរ ។

ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក កែវពៅ បានឲ្យដឹងថា ស្ពានទាំងពីនេះវាជាគំរោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកធ្វើតែលោកអភិបាលខេត្តបានឲ្យខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជួយធ្វើស្ពានមួយខាងភូមិខ្លាគ្រហឹម ត្រើយខាងលិច គឺព្រែកតាកំ តែវាជាស្ពានបាឡេទេ ហើយខាងលោកបាននិងកំពុងឲ្យខាងជំនាញរបស់លោក ដឹកដែកយកពីខេត្តស្វាយរៀង មកសិនមកដល់ពេលណា ខាងលោកនឹងចាបផ្តើមធ្វើជូនបងប្អូនប្រជាពលរដ្ឋតំបន់នោះប្រើប្រាស់បន្ទាន់ផងដែរ៕ ចន្ថា


ចែករំលែក៖