ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចូលដេកនៅសាលាឆាន់វត្តព្រែកតាមាក់ខ្យល់គរស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានចេញពីស្រុកកំណើតមកកាន់រាជធានីភ្នំពេញ ហើយធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត លុះទៅដល់ពាក់កណ្តាលផ្លូវចូលដេកនៅសាលាឆាន់វត្តព្រែកតាមាក់ មិនដឹងយ៉ាងម៉េចស្រាប់តែខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងវត្តសុវណ្ណវត្តី ហៅវត្តព្រែកតាមាក់​ ភូមិព្រែកតាមាក់​ ឃុំ‌​ព្រែកតាមាក់ ស្រុក​‌ខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ។

ប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ‌​ វី ប៊ុនធឿន​ ភេទ‌​ប្រុស អាយុ ៣១ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ កសិករ មានទីលំនៅភូមិចុងបឹង ឃុំ‌គៀនឃ្វាន ស្រុកកំចាយមា ខេត្តព្រៃវែង‌ មានប្រពន្ធឈ្មោះ អ៊ុន សម្បត្តិ អាយុ​២៨ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ​ចុងបឹង ឃុំគៀនឃ្វាន ស្រុកកំចាយមា ខេត្តព្រៃវែង​ ។ ជនរងគ្រោះមានកូនស្រី២នាក់នៅក្នុងបន្ទុក។

ប្រភពបន្តថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក ជនរងគ្រោះបានជិះរថយន្តជាមួយ ឈ្មោះ អួន អៀង ភេទប្រុស ត្រូវជាបងថ្លៃ និងឈ្មោះ រុន សារឿន ភេទប្រុស ត្រូវជាបងជីទួតមួយ ចេញពីផ្ទះទៅរាជធានីភ្នំពេញ ក្នុងគោលបំណងរកម៉ូយទិញអេតចាយ ។ លុះដល់វេលាម៉ោង ១៣ ថ្ងៃដដែល ពេលទៅដល់ផ្សារចាស់ ក្រុងភ្នំពេញ ជនរងគ្រោះបានចុះពីរថយន្តដោយប្រាប់ឈ្មោះ អួន អៀង ថាទៅធ្វើទូរស័ព្ទនៅផ្សារថ្មី ហើយឈ្មោះ អួន អៀង និងឈ្មោះ រុន សារឿន បានជិះរថយន្តទៅក្បាលថ្នល់ ក្រុងភ្នំពេញ ហើយដេកនៅផ្ទះឈ្មោះ យ៉ាត ប៊ុនថាត ភេទប្រុស ។

ប្រភពបន្តថា លុះមកដល់ម៉ោង១៨នាទី ថ្ងៃទី៦ ខែមិថុនា ជនរងគ្រោះជិះម៉ូតូឌុបទៅដល់ផ្ទះឈ្មោះ យ៉ាត ប៊ុនថាត និងហូបបាយជុំគ្នា រហូតដល់ម៉ោង១៩ ថ្ងៃដដែល ជនរងគ្រោះបាន ប្រាប់ឈ្មោះ អួន អៀង ថា ខ្ញុំ(ជនរងគ្រោះ)ទៅផ្សារថ្មី ហើយក៏ចេញបាត់ រហូតដល់ម៉ោង ២០ ជនរងគ្រោះបានទូរស័ព្ទប្រាប់ឈ្មោះ អួន អៀង ថាខ្លួនដេកនៅផ្ទះមិត្តភក្តិនៅផ្សារថ្មី ។

ប្រភពបន្តទៀតថា លុះមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៦ព្រឹក ឈ្មោះ អួន អៀង បានទូរស័ព្ទទៅជនរងគ្រោះ ហើយជនរងគ្រោះប្រាប់ថា ទូរស័ព្ទធ្វើមិនទាន់ហើយទេ ដល់ម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឈ្មោះ អួន អៀង បានបើករថយន្តទៅឈប់នៅមាត់ទន្លេ គល់ស្ពានជ្រោយចង្វា ហើយទូរស័ព្ទរកជនរងគ្រោះ ប៉ុន្តែទូរស័ព្ទមិនចូល រហូតដល់ម៉ោង ១៦ ថ្ងៃដដែល ដោយមិនឃើញជនរងគ្រោះ ទើបឈ្មោះ អួន អៀង និងឈ្មោះ រុន សារឿន ជិះរថយន្តទៅផ្ទះវិញ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់នៅក្នុងរបាយការណ៍ទៀតថា លុះមកដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះបានចូលមកដេកលើសាលាឆាន់ នៅក្នុងវត្តសុវណ្ណវត្តី ហៅវត្តព្រែកតាមាក់ រហូតដល់ម៉ោង ១៨ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះក៏ត្រូវបានគេប្រទះឃើញស្លាប់បង្កការភ្ញាក់ផ្អើល និងរាយការណ៍សមត្ថកិច្ចចុះត្រួតពិនិត្យ ។

សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើកោសល្យវិច័យលើសាកសពឃើញដេកស្លាប់ស្លៀកត្រនាប់ ពណ៌ខ្មៅ ស្នាមឆ្អានៅថ្ពាល់ខាងឆ្វេងមួយកន្លែង ជាស្នាមកកិត ។ កម្លាំងជំនាញបានចុះពិនិត្យដោយហ្មត់ចត់​ និង​មានការចូលរួមពីគ្រូពេទ្យ​ ​ ក្រុមប្រឹក្សាឃុំ ឃើញថា សាកសព‌ពុំ‌មាន‌ស្លាកស្នាម‌អ្វី‌គួរ‌ឲ្យ‌កត់‌សម្គាល់ជាករណីឃាតកម្មឡើយ‌ គឺ‌ពិត‌ជាស្លាប់ដោយ‌សារខ្យល់គរ(ជំងឺ)ប្រាកដមែន រួចប្រគល់សាកសព‌ជូន‌ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖