ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចា​ប់បានជនសង្ស័យជំនាញគាស់បន្ទប់ម្នាក់ខណៈកំពុងធ្វើសកម្មភាព​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពចូលទៅលួចទ្រព្យសម្បត្តិបន្ទប់ជួលមួយកន្លែង ខណៈកំពុងធ្វើសកម្មភាព ចៃដន្យម្ចាស់មកទាន់ឃើញនៅក្នុងផ្ទះ ស្រែកហៅអ្នកជិតខាងជួយអន្តរាគមន៍ជួយចាប់ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលមួយកន្លែងក្នុង ភូមិព្រៃកបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡាំង រិទ្ធិ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅមុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឆាង គន្ធី អាយុ៣២ឆ្នាំ មុខរបរលក់កំទេចកំណាត់ស្នាក់នៅផ្ទះជួល ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិភ្នំលាវ ឃុំពងទឹកស្រុកភ្នំលាវ ខេត្តកែប។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានទៅផ្សារដើម្បីទិញម្ហូបដោយមិនបានចាក់សោបន្ទប់ ព្រោះមានបងប្អូននៅជាច្រើននាក់ ក្រោយមក ក៏មានជនសង្ស័យម្នាក់ដោយឃើញទ្វារផ្ទះជំហរ ជនសង្ស័យឃើញឱកាសល្អ ក៏បានធ្វើសកម្មភាពចូលទៅលួចបានទូរស័ព្ទដៃចំនួន៣គ្រឿង លុយមួយចំនួន និងវត្ថុមានតំលៃផ្សេងទៀតជាច្រើនផងដែរ ខណៈបម្រុងនឹងយកម៉ូតូចេញ ស្រាប់តែត្រូវម្ចាស់មកទាន់ ពេលនោះជនសង្ស័យក៏បានទាញ់ដែកទីពវាយទៅជនរងគ្រោះដើម្បីរំដោះខ្លួន តែត្រូវបានជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋជាច្រើននាក់មកជួយចាប់រួចស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងសាងសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដោះស្រាយបន្ត៕ សុខាសែនជ័យ


ចែករំលែក៖