ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានបុរសម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានឃើញថា គាត់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកនឹងឃឿនសួនក្រោមស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យស្លាប់មួយរំពេចនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ កុល វិចិត្ដ អាយុ27ឆ្នាំ មុខរបរជាមន្ត្រីនគរបាលភ័ស្តភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ស្នាក់នៅភូមិររបោះអង្គាញ់ សង្កាត់ព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលជាជិះម៉ូតូម៉ាកស៊ុយស៊ុគីឡែត ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ៖ 1CA-6442 រួមទាំងមានប្រពន្ឋពោះធំជិតឆ្លងទន្លេនៅឯស្រុកកំណើតផង ។
តាមសម្ដីប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលចង្កូតទៅបុកនឹងឃឿនផ្លូវនៅខាងក្រោមស្ពាយអាកាសក្បាលថ្នល់ បណ្ដាលឲ្យដួលបោកក្បាល នឹងថ្នល់ រួចចេញឈាមពេញក្បាលស្លាប់មួយរំពេច ចំណែកឯម៉ូតូរងគ្រោះវិញ បានដួលអូសជិត២០ម៉ែត្ររងការខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្ដរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារសព ឲ្យមកយកសព ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ