ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្រ្តហ្វុីលីពីនស្នើប្តូរឈ្មោះប្រទេស

ចែករំលែក៖

តំណាងរាស្ត្រហ្វុីលីពីនមួយរូបមកពី គណបក្សប្រឆាំងបានស្នើឲ្យប្តូរឈ្មោះ ប្រទេសហ្វុីលីពីន ដើម្បីឲ្យប្រទេសនេះក្លាយជាប្រទេស«ឯករាជ្យពិតប្រាកដ»។

តាមសេចក្តីព្រាងច្បាប់ ដែលស្នើឡើង ដោយតំណាងរាស្ត្រលោក Gary Alejano គណៈកម្មាធិការមួយ ត្រូវបង្កើតឡើង ដែលមានតួនាទីស្រាវជ្រាវ ឈ្មោះប្រទេស ថ្មី។ តំណាងរាស្ត្រខាងលើបានប្រកាស សេចក្តីព្រាងច្បាប់ខាង​លើគឺចំថ្ងៃខួប ឯករាជ្យ ១២ខែមិថុនា។

ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើត្រូវបានអនុម័តនោះ ក្នុងរយៈពេលមួយឆ្នាំ គណៈកម្មាធិការស្រាវជ្រាវនឹងបង្ហាញពីឈ្មោះប្រទេសថ្មី ដើម្បីឲ្យពលរដ្ឋ ផ្តល់មតិ និងបញ្ជូនទៅកាន់ប្រធានាធិបតីឌុយទែរតេ អនុម័ត។

គេហទំព័រ Rappler បានដកស្រង់សម្តី លោក Alejano ដែលបានកើតឡើងថា «ប្រសិនបើយើងចង់បានឯករាជ្យពិតប្រាកដនោះ គឺត្រូវតែបោះបង់នូវអ្វីដែលបន្សល់ទុកពី អាណានិគម។ ប្រទេសជាច្រើនបាន ប្តូរឈ្មោះ ក្រោយពេលបញ្ចប់ការធ្វើអាណា​និគម ។ក្នុងពេលនេះ យើងបែរជានៅរក្សា ឈ្មោះប្រទេស ដែលដាក់ដោយ អេស្ប៉ាញ ពេលធ្វើអាណានិគម»។

ឈ្មោះប្រទេសហ្វុីលីពីនត្រូវបានដាក់តាមឈ្មោះស្តេច ប្រទេសអេស្ប៉ាញ Philip II នៅក្នុងសតវត្សទី ១៦ ពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អេស្ប៉ាញ។ ហ្វុីលីពីនស្ថិតនៅក្នុង អាណានិគមអេ​ស្ប៉ាញ រយៈពេល៣៧៧ឆ្នាំ ក្រោយមក ដល់វេន អាមេរិក និងជប៉ុន។

កន្លងមក តំណាងរាស្ត្រ ហ្វុីលីពីន Alejano ធ្លាប់ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពលរដ្ឋ នៅពេលដាក់លិខិត ស្នើទៅកាន់សភា កាលពីខែមីនា ដោយ ស្នើឲ្យសភា ផ្តន្ទាទោស ប្រធានាធិបតី ឌុយទែរតេ ពីបទសម្លាប់មនុស្សយ៉ាងច្រើន នៅក្នុង សង្គ្រាមប្រឆាំងគ្រៀងញៀន។

នៅពេលនេះគេមិនទាន់ដឹងទេថា តើ សំណើរបស់ លោក Gary Alejano ត្រូវ បានសភាយកមកពិភាក្សាដែរឬទេ ដោយសារតែការប្តូរឈ្មោះប្រទេសមិនមែនជារឿង ងាយស្រួលនោះឡើយ គឺត្រូវចំណាយពេល យ៉ាងយូរ ៕ ម៉ែវ សាធី

លោក Gary Alejano


ចែករំលែក៖