ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់បុរសសតិមិនល្អចាប់រំលោភយាយអាយុ៧២ឆ្នាំរស់នៅក្នុងខ្ទមកម្សត់ម្នាក់ឯង

ចែករំលែក៖

ខេត្តកំពត៖ បុរសវ័យជាង៤០ឆ្នាំម្នាក់ ដែលមានសតិមិនគ្រប់បានចាប់ដូនចាស់អាយុ៧២ឆ្នាំរហូតបានសម្រេចកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិជាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកំពតបានឲ្យដឹងថា ដូនចាស់រងគ្រោះឈ្មោះ ឡាយ ទុយ អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។ ចំណែកបុរសល្មោភកាមឈ្មោះ ប៉ោ តៀ អាយុ៤២ឆ្នាំ រស់នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ជាមនុស្សសតិមិនល្អ ។

ប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសល្មោភ កាមម្នាក់នេះមិនដឹងជិះកង់មកពីណាទេ ដោយបានធ្វើដំណើរកាត់មុខផ្ទះរបស់ដូនចាស់ដែលជាជនរងគ្រោះ។ លុះបន្តិច ក្រោយមកស្រាប់តែឮសំឡេងលោកយាយស្រែកហៅឲ្យគេជួយទើបប្រជាពលរដ្ឋនៅម្តុំនោះស្ទុះម្នីម្នាអ្នកខ្លះរត់ទៅប្តឹងសមត្ថកិច្ចអ្នកខ្លះជួយធាក់ទ្វារតែការអន្តរាគមន៍គឺយឺត ពេលបន្តិចព្រោះលោកយាយត្រូវជនសង្ស័យ ចាប់រំលោភសេពសន្ថវៈបានសម្រេចបាត់ទៅហើយ។ ពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ ស្ទើរតែពុំជឿថាមានគេរំលោភដូនចាស់នេះទេព្រោះលោកយាយមានរូបរាងស្គមស្គាំងរស់នៅអាស្រ័យលើអ្នកជិតខាងផ្តល់បាយទឹកជាប្រចាំហើយលោកយាយក៏ គ្មានកូនចៅណាម្នាក់នៅជួយថែទាំដែរ ។

ជនសង្ស័យរូបនេះក្រោយពីប្រព្រឹត្ត អំពើរំលោភបានសម្រេចរួចហើយក៏ត្រូវ កម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗផងដែរដើម្បីនាំយកមកសាកសួរនៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្តឈានទៅអនុវត្តតាមច្បាប់ ។

លោក ខាន់ សុផល អ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធ ករណីរំលោភសេពសន្ថវ: លើដូនចាស់រង គ្រោះខាងលើត្រូវបាននគរបាលជំនាញ ពាក់ព័ន្ធនាំខ្លួនបញ្ជូនមកសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់កាលពីព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យ ដឹងដែរថា ដូនចាស់រងគ្រោះពិតជាគួរឲ្យ អាណិតណាស់គឺការរស់នៅពិបាកជាង ស្លាប់ដោយគាត់មានជំងឺប្រចាំកាយហើយជីវភាពរស់នៅពឹងផ្អែកលើបាយសម្លអ្នកស្រុកជួយចិញ្ចឹមរូបគាត់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖