បន្ទាប់មកនៅរសៀលថ្ងៃទី ២១ មិថុនាដដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្មួយៗនិស្សិតចំនួន១០៣រូប តំណាងឲ្យនិស្សិតចំនួន១០៣រូប ដែលកំពុងសិក្សាក្នុងខេត្តប៊ិនយឿង ប្រទេសវៀតណាម។ ពិធីសំណេះសំណាលនេះ គឺធ្វើនៅមណ្ឌលសន្និបាតខេត្តប៊ិញយឿង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលបានចេញមក សិក្សា នៅក្រៅប្រទេស ក្នុងនោះរួមទាំងប្រទេសវៀតណាម និង ប្រទេសរុស្សី គឺត្រូវយកចិត្តទុកដាក់សិក្សាជាមួយមោទនៈភាព ចំពោះមូលដ្ឋាននៃការសិក្សាទ្រឹស្តី និងការអនុវត្តប្រកបដោយបញ្ញាញាណ និងការគិតគួរខ្ពស់ ដែលជា គុណភាព និងគុណសម្បត្តិរបស់និស្សិត។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកទឹកចិត្តដល់ក្មួយៗនិស្សិតអោយសិក្សាភាសាបរទេសបន្ថែមក្រៅពីវៀតណាម គឺសិក្សាភាសាអង់គ្លេស និងភាសាចិន ដែលនឹងជួយដល់ឱកាសការងារទៅថ្ងៃអនាគត។ សម្តេចតេជោ បានជំរុញនិង លើកទឹកចិត្តដល់និស្សិតកម្ពុជាទាំងអស់ ត្រូវចូលរួមបង្កើតឲ្យមានការតភ្ជាប់រវាងយុវជននិងយុវជន ប្រជាជននិង ប្រជាជន ពោលគឺយើងមិនអាចធ្វើជាសត្រូវជាមួយនិងប្រទេសជិតខាងនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ប្រទេសដែលមានការរីកចម្រើនគឺអាស្រ័យលើកត្តាសំខាន់ៗចំនួនពីរ គឺទី១កត្តាស្ថេរភាពផ្ទៃក្នុងប្រទេសខ្លួនឯង និងទី២កត្តាទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ ជាមួយប្រទេសជិតខាង។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជិតទុក និស្សិតទាំងអស់នោះ គឺជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការធ្វើទំនាក់ទំ នងល្អ ជាមួយប្រទេសជិតខាង ក្នុងការអភិវឌ្ឍប្រទេសនិងតំបន់របស់យើង ឲ្យកាន់តែមានភាពរីកចម្រើនទ្វេឡើង ថែមទៀត។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិត ទាំង១០៣នាក់ ដែលកំពុងសិក្សានៅប្រទេសវៀតណាមផងដែរ។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានប្រារព្វរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ និងការអញ្ជើញចូលរួមក្នុងទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅលើទឹកដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយបរិយាកាសរីករាយនិង ស្និទស្នាលបំផុត៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ