ខេត្តស្ទឹងត្រែង ៖ កន្ធាយក្បាលកង្កែប ចំនួន១៥០ក្បាល ជាប្រភេទសត្វកម្រ និង ងាយរងគ្រោះជិតដាច់ពូជ ហើយត្រូវបាន ដាក់ចូលក្នុងបញ្ជីប្រភេទសត្វកម្ររបស់ អង្គការអន្តរជាតិខាងអភិរក្សសត្វព្រៃពិភពលោក (IUCN) ត្រូវបានក្រុមអ្នកអភិរក្ស យកទៅលែងនៅក្នុងទីជម្រកធម្មជាតិ ។
មន្រ្តីជំនាញបានឲ្យដឹងថា សត្វប្រភេទ នេះមាននៅសល់មួយចំនួន ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយក៏កំពុងប្រឈម ជិតផុតពូជផង ។
លោក ស៊ុន យឿង អ្នកសម្របសម្រួលគម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ សមាគមអភិរក្សសត្វព្រៃនៅ កម្ពុជា (WCS) បាននិយាយថា ការលែងកូនកន្ធាយក្បាលកង្កែបទាំង១៥០ក្បាល នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើន បរិមាណ និងរក្សាពូជសត្វកម្រមួយនេះឲ្យរស់នៅគង់វង្ស នៅតាមដងទន្លេមេគង្គ ធម្មជាតិវិញ។ លោកបន្តទៀតថា ការលែងសត្វនេះក៏នឹងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាសហគមន៍ ព្រមទាំងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងការងារអភិរក្សប្រភេទសត្វកន្ធាយក្បាលកង្កែបពីព្រោះអង្គការ WCS មានគម្រោងថវិកាសម្រាប់ឲ្យប្រជាសហគមន៍ចូលរួមការពារសត្វកន្ធាយក្បាលកង្កែប ដោយបានជ្រើសរើសអតីតអ្នក ប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែបឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោងដើម្បីស្វែងរក និងការពារសម្បុកសត្វកន្ធាយក្បាលកង្កែប ជំនួសឲ្យការប្រមូលយកពង និងមេពូជសម្រាប់ហូប និងលក់។
លោកបានបន្ថែមថា សព្វថ្ងៃនេះ ក្រៅពីប្រឈមនឹងបញ្ហាមនុស្សនេសាទ និង ចាប់យកពងកូនរបស់វានៅមានកត្តាធម្មជាតិដោយការប្រែប្រួលអាកាសធាតុធ្វើឲ្យពងកូនរបស់វាងាប់ ឬមិនអាចញាស់ ព្រមទាំងប្រឈមមុខនឹងសត្វដទៃផ្សេងៗទៀត ស៊ីពងកូនរបស់វាផង ។ បន្ថែមលើករណី ទាំងនេះនៅមានបញ្ហាប្រឈមនឹងការបាត់បង់ដោយសារតែការនាំចេញទៅលក់នៅ បរទេសផង។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផលនៃរដ្ឋបាលជលផលបានលើកឡើងថា ការការពារ ដោយមានការ ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ពិតជាចាំ បាច់ខ្លាំងណាស់ ដើម្បីថែរក្សាកន្ធាយក្បាលកង្កែបកុំឲ្យបាត់បង់ពីលើលោកយើងនេះ។ លោកបន្តថា ការប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែបមកលក់ ឬធ្វើជាម្ហូប គឺជាអំពើខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោកបានសំណូម ពរដល់សាធារណជនទាំងអស់ មេត្តាចូលរួមអភិរក្សសត្វកន្ធាយក្បាលកង្កែបកុំឱ្យបាត់ បង់ដោយកុំទិញ និងបរិភោគសាច់ ឬពង សត្វកន្ធាយក្បាលកង្កែប។
សូមជម្រាបថា គេពុំទាន់អាចមានទិន្នន័យច្បាស់លាស់ពីចំនួនសត្វកន្ធាយមានប៉ុន្មាននៅឡើយទេ ប៉ុន្តែជាការសរុបរហូតមក ដល់ឆ្នាំ២០១៧ គេបានរកឃើញសម្បុក ពងកូនរបស់វាចំនួនជិត៣៨០កន្លែង ដែល ត្រូវបានជួយការពារហើយវាបានញាស់កូន និងបានលែងឲ្យរស់នៅក្នុងធម្មជាតិ ចំនួនជាង៨ពាន់៥រយកូន ។ សត្វកន្ធាយ ក្បាលកង្កែបប្រភេទនេះ ភាគច្រើនមានវត្ត មាននៅតំបន់អាស៊ីអាគ្នេយ៍ ។ ជាក់ស្តែងនៅ កម្ពុជា ដែលមានចំនួនច្រើនជាងបណ្តា ប្រទេសជិតខាងដូចជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វុីលីពីន ហើយក្រៅពីនេះ មានមួយចំនួន នៅចិន ឥណ្ឌា បង់ក្លាដែស និងប៉ាពួញូវហ្គីណេ ។
គួរបញ្ជាក់ដែរថា សត្វកន្ធាយក្បាល កង្កែបអ្នកនៅស្រុកខ្មែរមួយចំនួន ច្រើន ហៅថា ល្មិច ឬរមិច តែដោយសារតែសត្វ កន្ធាយនេះ មានក្បាលទម្រង់ដូចសត្វ កង្កែប ទើបគេច្រើនតែហៅឈ្មោះវា ម្យ៉ាងទៀតថាសត្វកន្ធាយក្បាលកង្កែប ។ សត្វ នេះមានទំហំធំនិងរាងរៅស្រដៀងដូច សត្វអណ្តើកគ្រាន់តែស្នូកវាទន់ប៉ុណ្ណោះ ៕ សហការី