ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជននាំយកអំណោយប្រគល់ឲ្យគ្រួសារក្រីក្រខ្វះខាតមួយគ្រួសារនៅសង្កាត់តាហោក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោយពីមើលឃើញមួយគ្រួសារក្រីក្រ មានជីវភាពខ្វះខាតរកព្រឹក ខ្វះល្ងាច ខណៈដែលបុរសជាប្ដីដើរធ្វើជាកម្មករសំណង់ រីឯប្រពន្ធ និងកូនៗដើររើសអេតចាយ និងសុំទានតាមផ្លូវនៅក្រុងស្វាយរៀងដើម្បីចំអែតក្រពះនោះ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ លោកហែម ស៊ីណា មន្ត្រីសាលាខេត្ត និងលោកឈុន យ៉ាន ព្រមទាំងក្រុមការងារបាននាំយកអំណោយមួយចំនួនប្រគល់ទៅគ្រួសារក្រីក្រខ្វះខាត ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

លោកហែម ស៊ីណា និងក្រុមការងារបានឲ្យដឹងថា ទោះបីជាអំណោយមានបន្តិចបន្តួចក្ដី ក៏វាអាចដោះស្រាយជីវភាពគ្រួសារបានមួយរយៈពេលផងដែរហើយលោកសូមឲ្យលោកពូ និងក្រុមគ្រួសារមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ និងប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

សូមបញ្ជាក់ថា គ្រួសារក្រីក្រនេះគឺប្ដីមានឈ្មោះរស់ គង់ អាយុ៤៩ឆ្នាំ មុខរបរដើរធ្វើកម្មករសំណង់ រីឯប្រពន្ធឈ្មោះឯក ឡា អាយុ៥៤ឆ្នាំ មុខរបរដើររើសអេតចាយ ដោយមានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់ផងដែរ។

ជាចុងបញ្ចប់លោករស់ គង់ និងក្រុមគ្រួសារបានថ្លែងអំណរគុណដល់លោកហែម ស៊ីណា និងក្រុមការងារ ដែលបានគិតគូរពីទុក្ខលំបាកដល់គ្រួសាររបស់គាត់ និងជូនពរពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ ៕ យឹម សុថាន


ចែករំលែក៖