ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ បានបែកក្បាលហូរឈាមស្លាប់គួរឲ្យរន្ធត់ ខណៈដែលជិះម៉ូតូជែង ហើយគេចជង្ហុកដួលបោកក្បាល ហើយរថយន្តដឹកហ្គាសបើកស្របទិសគ្នាពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏កិនកង់ខាងក្រោយពេញទំហឹងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅលេីផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៦៥ទៅ១៦៦ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ង្វៀង ង៉ុកតាម អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅប្រទេសវៀតណាម ខណៈជិះម៉ូតូ១គ្រឿង ម៉ាកHONDA FUTURE C-125 ពណ៌ខ្មៅ ស្លាកលេខវៀតណាម 70-C1 050 90 ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននៅពេលកើតហេតុមានឈ្មោះ ហ្វុង វាំងទៀង អាយុ២៨ឆ្នាំ ជនជាតិវៀតណា មមុខរបរដឹកធុងហ្គាសមានទីលំនៅប្រទេសវៀតណាម។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីលិចទៅកើតមិន ពាក់មួកសុវត្ថិភាពលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជែងខាងស្ដាំរថយន្តដឹកហ្គាស ហើយបានគេចជង្ហុកបណ្តាលឲ្យដួលបោកក្បាលចូលក្រោមកង់ក្រោយរថយន្ត ម៉ាកHYUNDAI ពណ៌បៃតង ពាក់ស្លាកលេខ (វៀតណាម) ៥១C-៤៧៦៨៦ បើកបរដោយ ជនជាតិវៀតណាម មុខរបរបើកបររថយន្តដឹកហ្គាស បើកបរពីលិចទៅកើត ស្របគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
ក្រោយមកប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានរាយការណ៍មកសមត្ថកិច្ចនគរបាលមកអន្តរាគមន៍ និងវាស់វែងដោយម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតប្រគល់ជូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងទាំង2គ្រឿង ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូន ចាត់ការតាមច្បាប់ ៕ យឹម សុថាន