ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរ៉ាំរ៉ៃធ្វើឲ្យបុរសម្នាក់ដាច់ចិត្តចងកធ្វើអត្តឃាតលើដើមឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលគេអះអាងមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃយូរឆ្នាំមកហើយនោះ បានយកក្រណាត់ចងព្យួរកលើដើមឈើតាមព្រំចំការសម្លាប់ខ្លួនបានសម្រេច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៥៣នាទី រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅដើមឈើ ១ដើមតាមព្រំចំការអ្នកភូមិ ត្រង់ចំណុចត្រពងពង្ស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបច្ចេកទេសចម្រុះស្រុកវាលវែង ចុះត្រួតពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែវ សឿន ហៅចិន ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចអូរដេកា ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ក្រោយកម្លាំងស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ និងពិនិត្យជាក់ស្តែងយ៉ាងយកចិត្តទុកដាក់ខ្ពស់លើខ្លួនប្រាណសាកសព លទ្ធផល៖ ជនរងគ្រោះពិតជាស្លាប់ក្នុងករណីចងព្យួរកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកក្រណាត់ចងព្យួរកទៅនឹងដើមឈើកម្ពស់ប្រហែលជាង ២ម៉ែត្រ មិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ខណៈត្រូវបានគេអះអាងគាត់មានជំងឺច្រើន(សរសៃប្រសាទ)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេស ពិនិត្យជាក់ស្តែងលើខ្លួនប្រាណសាកសពយ៉ាងយកចិត្តទុកដាក់ខ្ពស់រួចរាល់ បានធ្វើរបាយការណ៍កំណត់ហេតុប្រគល់សាកសពជួនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងតាមប្រពៃណីខ្មែរ ៕ ប៉ឹម ពិន


ចែករំលែក៖