ខេត្តកណ្តាលៈ ម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រីឯអ្នកបើកបរម្នាក់ទៀតបានរត់គេចខ្លួន ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ២៦-២៧ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ចែម វិឆ្ឆយ័ ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសបាក់ជើងឆ្វេង) មានទីលំនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-2915 ។ ចំណែកឯម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1N-4878 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនស្ថិតក្នុងសភាពរេចង្កូតពេញផ្លូវ ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ក្រហមលាយខ្មៅ ដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់ រីឯម្នាក់ទៀតរត់គេចខ្លួន ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងរាធានីភ្នំពេញ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ខ្វះកាប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ជ្រុលទៅបុកម៉ូតូដែលជិះច្រាស់ទិសគ្នា ៕ ស្អាងជ័យ