ខេត្តកណ្តាលៈ អតិថិជនម្នាក់រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងនូវក្តីខឹងសម្បា និងអន់ចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុនMetfone ដែលខ្វះទំនួលខុសត្រូវ និងមានបំណងកេងប្រវ័ញ្ចលើអតិថិជន ចំពោះការតភ្ជាប់បណ្តាញអ៊ីនធឺណេតប្រើប្រាស់តាមផ្ទះ(WI-FI) ។
លោក ជឺ គឹមហុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិលេខ៣ ឃុំត្រើយស្លា ស្រុកស្អាង បានអោយដឹងថា ដោយតម្រូវការចាំបាច់ប្រើប្រាស់អ៊ីនធឺណេតនៅផ្ទះរបស់លោកច្រើនជាចាំបាច់រាល់ថ្ងៃ ទើបលោកសម្រេចចិត្តទំនាក់ទំនងទៅកាន់ក្រុមហ៊ុនMetfone សួរព័ត៌មានដើម្បីតភ្ជាប់បណ្តាញប្រើប្រាស់ ព្រោះថាលោកមានទំនុកចិត្តទៅនឹងល្បឿនអ៊ីនធីណេតរបស់ក្រុមហ៊ុនMetfone ។ បន្ទាប់ពីសួរព័ត៌មានរួចលោក ក៏បានសម្រេចចិត្តជ្រើសរើសយកបណ្តាញFTTH ដែលមានតម្លៃ១៥ដុល្លាក្នុងមួយខែ ។
អតិថិជនបានបន្តថា ក្រោយមកបានប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បុគ្គលិកផ្នែកលក់ឈ្មោះ HAV SRON បានចុះមកទំនាក់ទំនងជាមួយរូបលោកដល់លំនៅឋាន ដើម្បីធ្វើពាក្យសុំចុះឈ្មោះប្រើប្រាស់សេវាកម្មទូរគមនាគមន៍/កិច្ចព្រមព្រៀង បង់លុយមុខចំនួន៦ខែ។បន្ទាប់ពីបំពេញឯកសាររួចរាល់ លោកក៏បានប្រគល់លុយចំនួន១១០ដុល្លាសហរដ្ឋអាមេរិកទៅឲ្យបុគ្គលិកឈ្មោះ HAV SRON ដែលមានលេខទូរស័ព្ទ0889307749/0887897896 ។ ជាមួយគ្នានោះដែរបុគ្គលិកឈ្មោះ HAV SRON បានប្រាប់លោកថា ក្រុមជាងនឹងចុះមកអូសខ្សែតភ្ជាប់បណ្តាញឲ្យប្រើប្រាស់រយៈពេលយ៉ាងយូរមួយសប្តាហ៌ក្រោយ ។ អ្វីដែលធ្វើឲ្យលោកខកបំណងនោះ គឺចាំអស់រយៈពេល១០ថ្ងៃហើយ នៅតែមិនឃើញវត្តមានក្រុមជាងចុះមកតភ្ជាប់បណ្តាញ ។
លោក ជឺ គឹមហុង បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឆ្នាំដដែលលោកបានសម្រេចចិត្តទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អ្វីដែលធ្វើអោយរូបលោកហួសចិត្តជាខ្លាំងនោះ គឺបុគ្គលិកប្រចាំក្រុមហ៊ុនបានប្រាប់លោកថា អខោនដែលមានឈ្មោះរបស់លោកបានប្រើប្រាស់បណ្តាញតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧មកម្លេះ (មានន័យថាបានប្រើប្រាស់បណ្តាញក្រោយពីបំពេញឯកសារនិងបង់លុយរយៈពេល២ថ្ងៃ) ។ ក្រោយពីទទួលបានព័ត៌មានដ៏ហួសចិត្តនោះ លោកក៏បានរាប់រាប់ពីដំណើរដើមទងដល់បុគ្គលិកដែលកំពុងឆ្លើយឆ្លងតាមទូរស័ព្ទ ហើយបុគ្គលិកក៏បានសុំលេខទូរស័ព្ទរបស់លោក ដើម្បីរាយការណ៍ជូនថ្នាក់លើទំនាក់ទំនងធ្វើការដោះស្រាយបញ្ហានេះ ។
លោក ជឺ គឹមហុង បានបញ្ជាក់យ៉ាងដូច្នេះទៀតថា រហូតមកដល់ថ្ងៃទី២៥ នៅតែមិនទាន់ឃើញមានអ្នកមកទំនាក់ទំនង និងចុះមកតភ្ជាប់បណ្តាញ លោកក៏បានឆាតតាមMESSE NGERទៅកាន់គណនេយ្យFacebook Page របស់ក្រុមហ៊ុនMetfone រាយការណ៍ពីការយឺតយ៉ាវ និងបំណងកេងប្រវ័ញ្ចនេះ ខណៈនោះបុគ្គលិកប្រចាំការឈ្មោះMaly បានឆ្លើយតបនិងតម្រូវឲ្យលោកថតឯកសារ (ពាក្យសុំចុះឈ្មោះប្រើប្រាស់សេវាកម្មទូរគមនាគមន៍/កិច្ចព្រមព្រៀង) ផ្ញើឲ្យគាត់(Maly)មើល ។ ភ្លាមៗនោះលោកក៏បានយកទូរស័ព្ទដៃម៉ាកSAMSUNG GALAXY S8+ ថតឯកសារយ៉ាងច្បាស់ផ្ញើទៅ អ្វីដែលធ្វើឲ្យលោកហួសចិត្តមួយកម្រិតថែមទៀតនោះ គឺបុគ្គលិកឈ្មោះMalyបានឆ្លើយតបមកវិញថា ឯកសារដែលខ្ញុំថតផ្ញើទៅនោះមិនសូវច្បាស់មើលមិនឃើញ និងបានប្រាប់ឲ្យខ្ញុំរងចាំដំណោះស្រាយនៅពលក្រោយ ៕ ស្អាងជ័យ