ព័ត៌មានទាន់ហេតុការណ៍៖

ចូលផឹកកាហ្វេបន្លំលួចទូរសព័្ទ ម្ចាស់ហាងចាប់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញៈ ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នៅ ផ្ទះលេខ៩D1 ផ្លូវលេខ៦១ ភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីរូបគេបន្លំលួចទូរសព្ទដៃ នៅក្នុងហាងកាហ្វេ យីហោ៨៨៨ ផ្ទះខាងលើនេះ។

សមត្ថកិច្ចបានឲ្យដឹងថាចោរលួចទូរស័ព្ទដែលត្រូវឃាត់ខ្លួនឈ្មោះ លឹម រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ រីឯជនរងគ្រោះឈ្មោះ វិន សុផាត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះលេខ៩ដេ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានទុកទូរស័ព្ទម៉ាកអាយហ្វូន 6PLUS. ពណ៌ទឹកមាសសាកថ្មនៅលើតុ ហើយត្រូវជនសង្ស័យរូបនេះចូលផឹកកាហ្វេបន្លំលួច បម្រុងជិះម៉ូតូចេញតែគាត់ដឹងខ្លួនទានក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានដកហូតវត្ថុតាងមាន ទូរស័ព្ទដៃម៉ាកអាយហ្វូន 6PLUS. ពណ៌ទឹកមាសរបស់ជនរងគ្រោះហើយបានប្រគល់ឲ្យម្ចាស់ដើមវិញ និងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-0012 ជាម៉ូតូរបស់ជនសង្ស័យត្រូវបានរក្សាទុកបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ប្រាថ្នា


ចែករំលែក៖