ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋបារម្ភយ៉ាងខ្លាំងពីបញ្ហាលិចលង់ ខណៈទឹកទំនប់បង្ហៀរទឹកបឹងតាម៉ុកជន់ឡើងគំហុកជិតដល់កម្រិតប្រកាសអាសន្ន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ភ្លៀងធ្លាក់បន្តជាប់ៗគ្នា ធ្វើឲ្យអាងទឹកក្នុងបឹងតាម៉ុក ស្ថិតនៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានហក់ឡើងជាគំហុក ដែលកម្រិតកម្ពស់ទឹកស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ខណៈដែលទំនប់បង្ហៀរបឹងតាម៉ុក ត្រូវបានបិទជាបណ្តោះអាសន្ន កំពុងសាងសង់សារជាថ្មី។

កម្ពស់ទឹកក្នុងបឹងតាម៉ុក បានហក់ឡើងជិតដល់កម្រិត នៃការប្រកាសអាសន្ន ដែលជាក្តីបារម្ភ បើសិនជាអាកាសធាតុ មេឃនៅតែបន្តធ្លាក់ភ្លៀងទៀត ដូច្នេះលំនៅឋាន ស្រែចម្ការ និងផលដំណាំរបស់ប្រជាពលរដ្ឋ អាចនឹងត្រូវរងការលិចលង់ ព្រោះបច្ចុប្បន្ន លទ្ធភាពរំដោះទឹកចេញពីក្នុងអាងបឹងតាម៉ុក មានតែទ្វារទឹកមួយប៉ុណ្ណោះ មិនអាចបញ្ចៀសនៃទឹកជំនន់ភ្លៀងបានទាំងស្រុងឡើយ។

លោក ហោជិត វីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានប្រាប់តាមទូរស័ព្ទថា អាជ្ញាធរស្រុក កំពុងសហការជាមួយក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការតាមដានអំពីស្ថានភាពទឹកអាង ក្នុងបឹងតាម៉ុក និងបានត្រៀមសម្ភារគ្រឿងចក្រប្រចាំការសម្រាប់ជីក និងកកាយដីទប់ស្កាត់កុំឲ្យទឹកហូរបាក់ទំនប់ ដែលអាចរារាំងដល់ដំណើរការសាងសង់ទំនប់បង្ហៀរ អាងទឹកបឹងតាម៉ុក។

លោកបានបន្តថា បើទោះបីជាការដ្ឋានកំពុងដំណើរការសាងសង់ទំនប់បង្ហៀរឡើងវិញក្តី តាមអនុសាសន៍របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាដល់ក្រុមមន្ត្រីបច្ចេកទេសប្រចាំការ នៅការដ្ឋានសាងសង់ទំបន់បង្ហៀរ ក្នុងករណីអាងទឹកបឹងតាម៉ុក នៅតែបន្តកើនឡើង ហួសកម្រិតប្រកាសអាសន្ន ត្រូវតែផ្តាច់ទំនប់ការពារការដ្ឋានបណ្តោះអាសន្ន ដើម្បីរំដោះទឹកចេញ ក្នុងការបញ្ចៀសផលប៉ះពាល់លិចលង់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញបរិវេណបឹងតាម៉ុក៕ ប៉ែន នួន


ចែករំលែក៖