ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មី លោក ឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពផងនោះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានព្រមានធ្ងន់ៗ និងដាក់បទបញ្ជា ឲ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងរាជធានីភ្នំពេញទាំងអស់ ប្រឹងប្រែងបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសកម្ម ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ពិសេសបង្ក្រាបគ្រឿងញៀន បើធ្វើមិនបាន មិនមានសមត្ថភាព ត្រូវលាលែងពីតំណែងទៅ កុំឲ្យគេដកទាន់។
ជាមួយគ្នានេះ អភិបាលរាជធានី លោក ឃួង ស្រេង បានលើកឡើងប្រសិនបើមេប៉ុស្តិ៍ទាំងអស់ធ្វើមិនបាន សូមកុំឆ្លើយថា អត់កម្លាំងស្មើសុំទៅអធិការព្រោះថា កម្លាំងថ្មីៗចេញពីសាលាច្រើនណាស់ ហើយបើអធិការអត់ ត្រូវស្នើទៅស្នងការ។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលប្រព័ន្ធប្រឡាយបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងនោះដែរ លោក ឃួង ស្រេង បានថ្លែងជំរុញឲ្យសមត្ថកិច្ច និងអជ្ញាធរទាំំងអស់ ប្រឹងប្រែងអនុវត្តន៍ឲ្យបានគោលការណ៍ភូមិឃុំមានសុវត្ថិភាពឲ្យបានល្អឡើងវិញ ហើយដំណាក់កាលដំបូងនេះ គ្រាន់ជាការណែនាំដោយផ្ទាល់មាត់ប៉ុណ្ណោះ តែប្រសិនបើករណីចោរកម្ម លួចឆក់ ប្លន់ និងគ្រឿងញៀន នៅតែកើតមាន បង្កភាពភ័យខ្លាចចំពោះប្រជាពលរដ្ឋទៀត នឹងត្រូវដាក់ទោសតាមវិន័យរដ្ឋបាល ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការស្តាប្រឡាយស្ទឹងមានជ័យជាបណ្តោះអាសន្ននេះ វានឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋដែលសង់រំលោភលើប្រឡាយនេះ២ម៉ែត្រ ហើយលើបញ្ហានេះ ដូច្នេះលោកបានស្នើសុំឲ្យប្រជាពលរដ្ឋយោគយល់។ ចំណែកអាជ្ញាធរវិញ លោក ឃួង ស្រេង ក៏បានស្មើឲ្យមានការថតរូប និងធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ ដោយលោកសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ម្នាក់ដីឡូមួយល្វែងនៅហ្នឹងកន្លែង ពោលគឺមួយគ្រួសារអាចទទួលបានដី១ឡូទំហំ ទទឹង៤ម៉ែត្រ បណ្តោយជាង១០ម៉ែត្រ និងផ្តល់កម្មសិទ្ធិស្របច្បាប់ផងដែរ។
អភិបាលរាជធានីភ្នំពេញ បន្ថែមថា ក្រោយពីទទួលបានដីធ្លីហើយ នៅពេលសាងសង់ប្រជាពលរដ្ឋត្រូវតែសុំច្បាប់ពីអាជ្ញាធរ ដោយមិនត្រូវបង់ប្រាក់ឡើយ សូម្បីតែពន្ធប្រថាប់ត្រា ហើយការងារនេះលោកសន្យាថា នឹងធ្វើឲ្យបានសម្រេច និងរួចរាល់នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។
ចំពោះគម្រោងនេះ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ពិតជាត្រេកអរយ៉ាងខ្លាំងដោយពួកគាត់អាចទទួលបានដីជាកម្មសិទ្ធិស្របច្បាប់ ក្រោយពីកាត់ទំហំប្រឡាយធ្វើផ្លូវតាមប្រឡាយនេះរួច៕ ហេង សូរិយា