រដ្ឋមន្ត្រីការពារជាតិប្រទេសកាតារបានប្រកាសថា ការដែលអារ៉ាប ឡោមព័ទ្ធ បិទសេដ្ឋកិច្ច ប្រទេសកាតារ គឺជាការប្រកាសសង្គ្រាមជាមួយប្រទេសតូចមួយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ Al Araby Al Jadeed ជាភាសាអារ៉ាប មានទីតាំងនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃទី៣០ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិ កាតារ លោក Khalid Bin Mohammad al Attiyah បានបញ្ជាក់ថា ការដែលប្រទេស តំបន់អារ៉ាបឡោមព័ទ្ធកាតារគឺជា «ការប្រកាសសង្គ្រាម គ្មានមេត្តា» ទៅលើប្រទេសដ៏តូចមួយនេះ។
លោក Khalid Bin Mohammad al Attiyah បានបញ្ជាក់ថា ការបិទព្រំដែនគោក និងដែនអាកាស ជាមួយកាតារ គឺជាសកម្មភាព ជៈឥទ្ធិពលអាក្រក់ដល់ពលរដ្ឋ និងសង្គម រស់នៅរបស់ប្រទេសកាតារ និងប្រទេសទាំងអស់លើពិភពលោក។
លោក Khalid Bin Mohammad al Attiyah ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសទួរគី ដើម្បីជួបពិភាក្សាជាមួយសមភាគីទួរគី ព្រមទាំងប្រធានាធិបតី Erdogan ផងដែរ ។ ទួរគីគឺជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយកាតារ ហើយបានជួយជាច្រើនដល់ប្រទេសកាតារ ទាំងស្បៀងអាហារ និងយោធា។
នៅក្នុងព្រឹត្តិការមួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ លោកប្រធានាធិបតីតួកគី Erdogan និងប្រធានាធីបតី សហរដ្ឋអាមេរិក លោក Donald Trump បានពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រម្សិលមិញ និងផ្តោតសំខាន់ ជាពិសេសលើបញ្ហាដោះស្រាយ ជម្លោះរវាង ប្រទេសកាតារ និងប្រទេសក្នុងតំបន់។
ជាលទ្ធផលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា ភាពតានតឹង រវាងជម្លោះមួយនេះ គួរតែត្រូវបានកាត់បន្ថយ ដើម្បីធានាឲ្យបានសុវត្ថិភាព និងស្ថេរភាពក្នុងតំបន់ ហើយលើសពីនោះ មេដឹកនាំ ទាំងពីរក៏បាន ពិភាក្សាគ្នាបញ្ហាចំណង ទ្វេភាគី អាមេរិក និងទួរគី។
គួរបញ្ជាក់ថា ប្រទេសទួរគី ដែលជាអ្នកមានការគាំទ្រពីខាងក្រោយទៅលើប្រទេសកាតារ នោះធ្លាប់បានប្រកាសស្នើឲ្យប្រទេសដូចជាសាអ៊ូឌីតអារ៉ាប់ប៊ី និងបណ្តាលប្រទេសដទៃទៀត ដែលបានដាក់ទណ្ឌកម្មបញ្ចប់ទំនាក់ទំនងការទូតជាមួយនឹង ប្រទេសកាតារនោះ បញ្ឈប់សកម្មភាពរបស់ខ្លួននោះទៅ ៕ ម៉ែវ សាធី