ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៤ឆ្នាំប្រទះឃើញទេវរូបមួយអង្គធ្វើពីថ្មភក់ក្នុងសតវត្សរ៍ទី១១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទេវរូបមួយអង្គ ដែលកសាងនៅសតវត្សរ៍ទី១១ ត្រូវបានក្មេងស្រីម្នាក់នៅក្នុងភូមិបានប្រទះឃើញផុសអណ្តែតឡើងកាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅកណ្តាលផ្ទៃដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ មានក្មេងស្រីម្នាក់ឈ្មោះ យ៉ាន វ៉ាន់ អាយុ១៤ឆ្នាំ រស់នៅភូមិប្រាសទ ឃុំដា និង ក្មេងស្រីម្នាក់ទៀត បានប្រទះឃើញទេវរូបមួយ បានផុសចេញពីដីស្រែចំហៀងខ្លួន នៅក្បែរដីទួល ។

ក្រោយពីប្រទះឃើញ ពួកគេបាននាំគ្នាទៅប្រាប់បងរបស់គេ និងប្រជាពលរដ្ឋម្នាក់ផ្សេងទៀត ក្រោយពីបានដឹងព័ត៌មានេះ បងប្អូនសាច់ញាតិ ទាំងនោះបានយកទៅដាក់វត្តប្រាសាទ ដើម្បីឲ្យអ្នកស្រុកបានមកគោរពបូជា ។ ក្រោយពីព័ត៌មាននេះបានផ្សព្វផ្សាយ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបានចុះទៅពិនិត្យឲ្យបានជាក់ច្បាស់ ។

ខាងជំនាញនៃមន្ទីវប្បធម៌បានឲ្យដឹងថា ទេវរូបដែលប្រទះឃើញនេះ ជាទេវរូប ភេទស្រី មានទម្ងន់៣៩,៥០គីឡូក្រាម និងមានកំពស់០,៨០ម៉ែត្រ ដែលកសាងពីថ្មភក់នៅក្នុងសតវត្សរ៍ទី១១ រចនាបថ បាពួន មុនសម័យអង្គរ គឺជាបេតិកភណ័ជាតិដ៏មានតម្លៃបំផុត ។

ក្រោយពីពិនិត្យទេវរូបនេះរួចមក មន្រ្តីនៃមន្ទីរវប្បធម៌បានស្នើសុំយកទេវរូបនេះយកមករក្សាទុកនៅសារមន្ទីរ ខេត្តកំពង់ឆ្នាំង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋបដិសេធន៍ មិនឲ្យយកមកនោះទេ ដោយចង់រក្សាទុកនៅក្នុងមូលដ្ឋាននោះ ។

ក្នុងពេលនោះ មន្រ្តីជំនាញមន្ទីរវប្បធម៌បានសម្រេចទុកនៅក្នុងមូលដ្ឋាននោះ ប៉ុន្តែបានស្នើឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលយាមឲ្យបានត្រឹមត្រូវ ព្រោះជាវត្ថុដ៍មានតម្លៃ ។ មន្ទីរវប្បធម៍និងសុំគោលការណ៍ទៅក្រសួងដើម្បីយកទេវរូបនេះមករក្សាទុកនៅក្នុងសារមន្ទីរ ៕ ចន្ថា


ចែករំលែក៖