ខេត្តស្វាយរៀងៈ ផ្ទះក្បឿងមួយល្វែងត្រូវបានអគ្គីភ័យឆេះទាំងស្រុង មិនអាចបាញ់ពន្លត់ទាន់ ទោះជាមានរថយន្តពន្លត់អគ្គីភ័យក៏ដោយ ព្រោះភ្លើងបានឆេះសន្ធោរសន្ធៅទៅហើយ ខណៈម្ចាស់មកដល់បានត្រឹមស្រែកយំគួរឲ្យអាសូរបំផុត។
ហេតុការណ៏នេះ បានកើតឡើងងំឡុងម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរការ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយសមត្ថកិច្ចជាបឋមសង្ស័យឆ្លងអាគុយបន្ទះសូឡា ។
តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសុខ ធឿន អាយុ៣៩ឆ្នាំ មុខរបររត់កង់បី មានប្រពន្ធឈ្មោះម៉ន សាលី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅប្រសូត្រ មានទីលំនៅភូមិរការ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តថា ផ្ទះនេះមានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងឈើ ថ្មក្រោម ខណៈម្ចាស់ទើបសាងសង់រួចប្រមាណ៣ទៅ៤ខែ អស់ប្រាក់ជាង១ម៉ីនដុល្លារ។
ចំពោះទ្រព្យសម្បត្តិដែលឆេះរងការខួចខាតមិនទាន់ដឹងច្បាស់នៅឡើយ ខណៈដែលម្ចាស់ផ្ឬះប្ដីប្រពន្ធជាប់រវល់ទៅភ្នំពេញដោយទុកកូនៗមើលថែ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញផ្សែងចាប់ផ្ដើមហុយចេញពីក្នុងផ្ទះហើយបង្កឲ្យមានអណ្ដាតភ្លើង ក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងកូនៗក្រុមគ្រួសារនាំគ្នាជួយពន្លត់ ខ្លះជះទឹក និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន និងមានរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៏បាញ់ ប៉ុន្តែយឺតពេលទៅហើយ ខណៈអគ្គីភ័យបានឆេះពេញក្រមុំបាត់មិនអាចគ្រប់គ្រងស្ថានការណ៏បាននោះទេ ៕ យឹម សុថាន