ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដល់ផ្លូវបំបែកជាបួនមិនប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យបុរសម្នាក់របួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តហាយឡែនឌ័រ បើកបរនៅក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន មិនបានប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូឌ្រីមសង់០៧ដែលបើកឆ្លងផ្លូវពេញទំហឹងអូសជិត១០ម៉ែត្រ​ បណ្ដាលអោយបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ឆ្អឹងកជើង​ ហេតុការគ្រោះថ្នាក់​ ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ០១និង២០នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃទី​ ៦​ ខែកក្ដដា​ ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវ១៦៣ កែង​នឹងផ្លូវ៣៥០​ ស្ថិតក្នុងសង្កាត់បឹងកេងកង​៣​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតគេឃើញ​ ម៉ូតូម៉ាកឌ្រីមសង់​ សេ១២៥​ពណ៌ខ្មៅ​ សេរីឆ្នាំ២០០៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1R-8906 បើកបរដោយបុរសម្នាក់​ តាមបណ្ដោយផ្លូវ៣៥០​ ទិសដៅពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន​ ស្រាប់តែមានរថយន្ត​ ហាយឡែនឌ័រ​ មួយគ្រឿង ពណ៌​ ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AH-1932 បើកបរ​ ដោយបុរសម្នាក់និង​រួមដំណើរជា​មួយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣​ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច​ កើតហេតុមិនប្រយត្ន័ ក៏ជ្រុលទៅបុកម៉ូតូដែលបើកឆ្លងផ្លូវ​ ពេញទំហឹងអូសជិត១០ម៉ែត្រ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូរបួសបាក់កជើងខាងស្ដាំ​ ភ្លាមៗត្រូវបាន​រថយន្ត​ សង្គ្រោះបន្ទាន់មន្ទីរ​ពេទ្យសុខលាភមេត្រី​ ដឹកយកទៅសង្គ្រោះផងដែរ។​ ចំណែក​ម៉ូតូជនរងគ្រោះត្រូវបានក្រុមអ្នកបើករថយន្តបង្កអូសយកទៅទុកនៅក្នុងផ្ទះរបស់គេ​ លុះពេលដែលអ្នកសារព័ត៌មានទៅថត​ បែជាមានស្ត្រីម្នាក់មកហាមមិនអោយថត​ ក្រោយមកដោយមានការពន្យល់ពីរ​សមត្ថកិច្ចទើបយកម៉ូតូចេញពីរផ្ទះមកទុកកន្លែងដើម​ ចំណែកស្ត្រីម្នាក់ដែលមកហាមប្រហែលជាដឹងខ្លួនខុស​ ក៏ឡើងជិះរថយន្តទៅបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖