ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប បង្រ្កាបបុរសចំនួន ២នាក់ជាប់ពាក់ព័ន្ធក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកវាលវែង ធាង ឡេង បានឲ្យដឹងថា ជនសង្ស័យទាំងចំនួន ២នាក់ ដែលត្រូវបានកម្លាំងសហការគ្នាធ្វើការបង្រ្កាបខាងលើ ទី១ ឈ្មោះ លាវ សុខលីន ហៅលីន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង និងទី២ ឈ្មោះ ឡន តុលឡាោះ ហៅឡោះ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរយោធាតំបន់ប្រតិបត្តិការសឹករងស្រុកវាលវែង រស់នៅចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី អធិការនគរបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាងមាន ម្សៅក្រាមពណ៏សផ្លាសង្ស័យជាសាធាតុញៀនចំនួន ២កញ្ចប់ ស្មើរនឹងទម្ងន់ចំនួន ០,៧១g លុយខ្មែរចំនួន ៥៥,០០០រៀល ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ូតូចំនួន ០១គ្រឿង។
លោក អធិការនគរបាលស្រុកបន្តទៀត ករណីខាងលើបាននាំទាំងជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារ បានបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង និងបន្តការស្រាវជ្រាវ ដើម្បីចាប់យកវត្ថុតាងនានា និងបញ្ជូនបន្តទៅការិល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្បន្តនីតិវិធី៕ ប៉ឹម ពិន