ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់ដូរនៅលើដងផ្លូវវ៉េងស្រេងលូប្រាំ និងផ្លូវផ្សេងទៀតបានធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ការរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវវ៉េងស្រេង ផ្លូវព្រះមុនីរេត ចាប់ពីគល់ស្ពានអាកាសស្ទឹងមានជ័យ មុខផ្សារស្ទឹងមានជ័យចាស់ ផ្សារស្តឹងមានជ័យថ្មី រថយន្តក្រុងចតគ្មានសណ្តាប់ធ្នាប់ និងជាពិសេសអាជីវករលក់ដូរបន្លែសាច់នៅលើដងផ្លូវវ៉េងស្រេងលូរប្រាំ អាជីករលក់ដូរនៅលើដងផ្លូវ២១៧ក្បែរស្ពានដែកចំការដូង ស្ថិតក្នុងភូមិឬស្សីនោះជាបញ្ហាស្មុគស្មាញបំផុត ដែលអភិ បាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បានលើកឡើងថា រៀបចំដូចវែកចក ក្នុងបឹង ហើយលោកអភិបាលក៏បានជំរុញឲ្យក្រុមប្រឹក្សាសង្កាត់ទាំងអស់ដែល ទើបតែប្រកាស់ចូលកាន់ដំណែងនោះ ធ្វើយ៉ាងណាដឹកនាំកម្លាំងរបស់ខ្លួនចុះរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវ។ នេះជាការលើកឡើងរបស់លោក ពេជ្រ កែវមុនី ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមាននាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅឯសាលប្រជុំសាលាខណ្ឌមានជ័យ។

នៅក្នងកិច្ចប្រជុំនោះផងដែរ ក៏មានការចូលរួមពីសំណាក់ក្រុមប្រឹក្សាសង្កាត់ទាំង៧ មកគណៈបក្សសង្គ្រោះជាតិ ចៅសង្កាត់រង មន្ត្រីសាលាខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធខណ្ឌ និងអភិបាលរងខណ្ឌទាំងអស់ផងដែរ។

អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ លោកពេជ្រ កែវមុនី បានលើកឡើងថា ថ្ងៃនេះយើងបើកអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដោយផ្អែកលើស្មារតីមតិដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំនូវការងារចំនួន៥ ហើយក្នុងការងារចំនួន៥នេះគឺទី១/ ការងារសណ្តាប់ធ្នាប់ ទី២/គ្រឿងញៀន ទី៣/ល្បែងស៊ីសង ទី៤/អំពើរចោរកម្ម និងទី៥/ ផ្សេងៗ។

លោកអភិបាលបន្តលើឡើងថា ការងារសណ្តាប់ធ្នាប់យើងចែកចេញជា៣ប្រភេទគឺទី១/សណ្តាប់ធ្នាប់សាធារណៈ ទី២/សណ្តាប់ធ្នាប់ទីផ្សារ និងទី៣/ចិញ្ចើមផ្លូវ។ លោកអភិបាលខណ្ឌមានជ័យក៏បានជំរុញការងារទាំងនេះត្រូវតែចូលរួមធ្វើទាំងអស់គ្នា ហើយក្នុងចៀសវាងជ្រកក្រោមលេសថាម្ចាស់ផ្ទះជាអ្នក ជួលឲ្យពលរដ្ឋលក់ដូរនោះ។ លោកថា ក្នុងនាមអាជ្ញាធរសង្កាត់យើងត្រូវធ្វើការណែនាំដល់ពួកគាត់។ លោកថា សេចក្តីជូនដំណឹងនេះត្រូវធ្វើឲ្យដល់ពលរដ្ឋស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅថ្ងៃចន្ទនេះ។

លោក ពេជ្រ កែវមុនី ក៏បានជំរុញជាថ្មីម្តងទៀតឲ្យអាជ្ញាធរសង្កាត់ទាំង៧ ធ្វើការរៀបចំពង្រឹងសណ្តាប់ធ្នាប់នៅលើដងផ្លូវឡើងវិញ ជុំវិញផ្សារ និងបញ្ហាជុំវិញកន្លែងនានា ដែលបង្កការកកស្ទះចរាចរណ៍៕ តាឡឹម


ចែករំលែក៖