ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បាន ដឹកនាំមន្រ្តីរាជកាក្រោមឱវាទ រដ្ឋបាលរាជធានី បាននាំយក ទៀនវស្សា និងទេយ្យវត្ថុបច្ច័យ ប្រគេនព្រះសង្ឃចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះបានធ្វើឡើង នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
លោកឃួង ស្រេង បានថ្លែងថា ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃក្នុងពេលនេះ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយ បរិបូរណ៍តាមជំនឿ។
លោកអភិបាលរាជធានី បានថ្លែងបន្តថា ពិធីនេះ បានបង្ហាញឲ្យឃើញនូវជំនឿ និងផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាប្រពៃណីទំនៀម ទម្លាប់ដ៏ល្អផូរផង់ របស់យើងតរៀងមក ក្នុងការជួយឧបត្ថម្ភ គាំទ្របង្កលក្ខណៈងាយស្រួល ទំនាក់ទំនងល្អនៃស្ថាប័នទាំងពីរ។
ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តកាយវិការដ៏ប្រពៃនេះ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសូមប្រកានើយកនូវធម៌មេត្តា ករុណា សណ្តោស និងខន្តី ធ្វើជាគំរូល្អ ដល់កូនចៅជំនាន់ក្រោយ អោយខិតខំយកចិត្តទុកដាក់ ស្វាធ្យាយរផនសូត្រព្រះធម៌ ព្រះវិន័យ និងបន្តកសាងសមិទ្ឋផលថ្មីៗបន្ថែមទៀត ដោយរៀរចាកនូវអំពើមិនគម្បីទាំងឡាយ ដែលអាចធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿ ឬអាប់ឱនដល់ព្រះពុទ្ឋសាសនា។
សម្ភារមួយចំនួន ដែលត្រូវ ប្រគេនព្រះសង្ឃសម្រាប់ត្រៀមចូលព្រះវស្សាចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ ក្នុងនោះ១វត្ត មាន៖ ថវិកាចំនួន១០០.០០០រៀល ទៀនវស្សាចំនួន១គូរ សាដក ចំនួន១ អង្ករ១០០គីឡូក្រាម ប្រេងម៉ាស្សូត ចំនួន៣០លីត្រ ស្កសរ២៥គីឡូក្រាម ទឹកដោះគោ ១កេស ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែចាប់ពីថ្ងៃទី១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧៕ សំរិត