ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរក្រសួងមហាផ្ទៃចាប់ផ្ដើមអនុវត្ដន៍ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅផ្សារដើមគ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧មន្រ្តីនគរបាលចរាចរក្រសួងមហាផ្ទៃ បានចាប់ផ្ដើមចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការចតយានយន្តបញ្ច្រាសទិស និងគ្មានរបៀបរៀបរយ នៅចំណុចបេនឡានផ្សារដើមគរ ក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតាមការគ្រោងទុក ក្រោមការដឹកនាំរបស់ លោករុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធា្នប់សាធារណៈក្រសួងមហាផ្ទៃ។

លោករុណ រ័ត្នវាសនា បានប្រាប់ឲ្យដឹងថានៅពេលឆាប់ៗខាងមុខនេះ សមត្ថកិច្ចនគរបាលនៅទូទាំងប្រទេស និងអនុវត្តន៍ច្បាប់ចរាចរណ៍ព្រមៗគ្នា ដោយចាត់ការទៅលើអ្នកចតបញ្ច្រាសទិស និងអ្នកចតយានយន្តខុសទិសចរាចរណ៍។មុនពេលចាត់ការតាមច្បាប់ សមត្ថកិច្ចសូមព្រមាន និងផ្សព្វផ្សាយរយៈពេល៣ថ្ងៃមុន ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ដូចជាការចតយានយន្តបញ្ច្រាសទិស និងអ្នកចរាចរណ៍បញ្ច្រាសទិសជាដើម។រីឯការផាកពិន័យវិញនគរបាលចរាចរ នឹងកិបក្រដាសផាកពិន័យនៅលើរថយន្តផ្ទាល់តែម្តង ហើយម្ចាស់យានយន្តទាំងអស់នៅពេលឃើញក្រដាសផាកពិន័យនេះហើយ ត្រូវទៅបង់ការផាកពិន័យនេះ តាមការណែនាំនៅក្នុងក្រដាសនោះជាដាច់ខាត។

លោកឧត្តមសេនីយ៍ឯកបន្ដថា ការធ្វើបែបនេះ ដើម្បីឲ្យគន្លងផ្លូវចរាចរណ៍ទាំងអស់បានធំទូលាយងាយស្រួលធ្វើដំណើរ និងមិនកកស្ទះចរាចរណ៍ដោយសារកន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចតបញ្ចា្រសទិស និងគ្មានរបៀបរៀបរយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ មានរថយន្ត ជាច្រើនបានចតនៅលើផ្លូវសាធារណៈ មុខហាង យ៉ាងអនាធិបតេយ្យធ្វើឲ្យមានការកកស្ទះចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃ។ ដូច្នេះ ការផ្សព្វផ្សាយនេះ មិនដឹងថា អាចកាត់បន្ថយបានកម្រឹតណានោះទេ តែសមត្ថកិច្ចផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាមុនសិន មុននឹងអនុវត្ដន៍ច្បាប់។

យ៉ាងណាលោកប្រធាននាយកដ្ឋានរូបនេះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមឲ្យបានគ្រប់ៗ ដើម្បីឲ្យដំណើរការនៃច្បាប់ទទួលនូវភាពជោគជ័យ និងមិនមានការកកស្ទះច្រើនតទៅទៀត៕ ប្រាថ្នា


ចែករំលែក៖