ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូហើយត្រូវបានរថយន្តកុងតឺន័របើកបុក និងកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមក ស្រាប់តែត្រូវបានរថយន្តគ្លីនិកលោក ម៉ិញ វុទ្ធី បែកចាន ដឹកសពជនរងគ្រោះរត់គេចទៅបាត់ សូម្បីតែសមត្ថកិច្ចក៏ទៅមិនទាន់ សង្ស័យខ្លាចរថយន្តដឹកសពផ្សេងទៀតមកដណ្តើម។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ស្លៀកខោពណ៌ក្រហមត្រឹមជង្គង់ ពាក់អាវស ដៃវែង ជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-5706 ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រធ្វើដំណើរស្របទិសដៅគ្នា ហើយបានបុកពេញទំហឹងរួចកិចចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ រថយន្តបង្កបានបើកគេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយពីរថយន្តគ្លីនិក ម៉ិញ វុទ្ធី ដឹកសពជនរងគ្រោះទៅបាត់ សូម្បីតែប៉ូលិសមិនទាន់វាស់វែងផងបានត្រឹម យកម៉ូតូជនរងគ្រោះដាក់នៅខាង ចៀសវាងកកស្ទះចរាចរណ៍ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គ្លីនិកខាងលើកន្លងមកនៅពេលដែលជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ តែងតែមកដឹកសពដោយពេលខ្លះសមត្ថកិច្ចមិនទាន់វាស់វែងផង សង្ស័យខ្លាចមានរថយន្តដឹកសពផ្សេងទៀត មកដណ្តើមដឹកហើយមើលទៅ ៕ សុខាសែនជ័យ