ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរយៈពេល៩ខែវាយប្រហារ ទាហានអ៊ីរ៉ាក់រំដោះបានទីក្រុង Mosul ពីដៃ IS

ចែករំលែក៖

សង្គ្រាមវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើទីក្រុង Mosul ដែលគ្រប់គ្រងដោយក្រុមភេរវកម្ម IS អស់រយៈពេលជាង ៩ខែ នៅទីបំផុតទាហានអីរ៉ាក់បានដណ្តើមគ្រប់គ្រងទីក្រុងនេះទាំងស្រុង។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៩ ខែកក្កដា នាយករដ្ឋមន្ត្រីអីរ៉ាក់ លោក Haider Al Abadiបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះ ដណ្តើមបានទាំងស្រុងទីក្រុង Mosul ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ទីក្រុង Mosul ត្រូវបានរំដោះទាំងស្រុង ។ កម្លាំងទាហានរដ្ឋាភិបាលទីរ៉ាក់ និងពលរដ្ឋ បានអបអរសាទរនៅជ័យជំនះខាងលើ របស់កម្លាំងទាហាន។

ចំណែកក្រុម IS វិញ បើទោះបីបរាជ័យ តែក្រុមភេរវកម្មនេះបានប្រកាសថា នឹងធ្វើសង្គ្រាមដល់ទីបញ្ចប់ ដើម្បីការពារទីតាំងទាំងឡាយដែលនៅសេសសល់។

ទីក្រុង Mosul ទីក្រុងធំទីពីរ របស់អ៊ីរ៉ាក់ដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅឆ្នាំ២០១៤នោះ ពេលនេះ ត្រូវបានរំដោះមកវិញទាំងស្រុងហើយ។នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។ តែទោះយ៉ាងណាការបំបែកមូលដ្ឋានគ្រិះ ដ៏ធំរបស់ពួកជីហាត នៅម៉ូស៊ូល នាពេលនេះមិនមែនមានន័យថា ក្រុមនេះ ត្រូវបានកម្ទេចចោល ទាំងស្រុងនោះទេ។

លោកហៃឌែរ អាល់ អាបាឌី នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រកាសកាលពីរសៀលថ្ងៃអាទិត្យ ទី៩ កក្កដាថា ទីក្រុងម៉ូស៊ូលត្រូវបានរំដោះទាំងស្រុង មកវិញហើយ ដោយកងទ័ពអ៊ីរ៉ាក់និងដោយមានជំនួយ ពីកងទ័ពសម្ព័ន្ធមិត្ត។ ដូចគ្នាដែរ លោកអេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសអបអរចំពោះវីរភាពរបស់កងទ័ព បារាំង និងកងទ័ពសម្ព័ន្ធមិត្តឯទៀត បានតស៊ូរំដោះ ទីក្រុងម៉ូស៊ូល ពីដៃពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។

យោងតាមការជូនដំណឹងពីអ្នករាយការណ៍ព័ត៌មានបារាំង កងទ័ពអ៊ីរ៉ាក់កំពុងបន្តត្រួតពិនិត្យ ចៀសវៀងរងគ្រោះ ដោយការដាក់បង្កៃគ្រាប់មីន។មកទល់ពេលនេះ គេមិនទាន់មានតួលេខ នៃចំនួនជនជីហាតនិងទាហានអ៊ីរ៉ាក់ ដែលបានស្លាប់ ក្នុងសមរភូមិនេះនៅឡើយទេ។ដោយឡែក ក្រុងរ៉ាខា ក្នុងដែនដីស៊ីរី ក៏កំពុងស្ថិតក្នុងការប្រយុទ្ធយ៉ាងតានតឹងដែរ។

សូមរំលឹកថាម៉ូស៊ូល ទីក្រុងធំទីពីររបស់អ៊ីរ៉ាក់បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅខែមិថុនា ឆ្នាំ២០១៤ជាមួយនឹងប្រជាជនប្រមាណ២លាននាក់។ ក្រុមនេះបានយកទីក្រុងនេះជាមូលដ្ឋានធំ ជាទីចាត់តាំងអំណាចរបស់ពួកវា។ យ៉ាងណាមិញមួយខែក្រោយមក គឺទីនេះហើយ ដែលគេបានឃើញ មេក្លោងក្រុមជីហាតនេះឈ្មោះ Abou Bakr al-Baghdadi លេចចេញមុខ ជាលើកទីមួយក្នុងពិធីឃោសនាអូសទាញជនជីហាត។ កងទ័ពរុស្ស៊ី បានអះអាងថាជននេះ ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីចុងខែឧសភា កន្លងទៅនេះ នៅស៊ីរី។

អស់រយៈពេល៩ខែមកហើយ ដែលកងទ័ពអ៊ីរ៉ាក់ បានខឹតខំ សម្រុកវាយដើម្បីឈានមកកាន់កាប់តំបន់ម៉ូស៊ូលឡើងវិញ។ តែយ៉ាងណាអ្នកវិភាគជាច្រើន បានលើកឡើងថា គេមិនត្រូវអរលឿនជ្រុលជាមួយនឹងជោគជ័យនាពេលនេះទេ។ ក្រុមជីហាតបាត់បង់ម៉ូស៊ូលមែនពិត តែក្រុមនេះនៅតែមានជីវិត បន្តធ្វើសកម្មភាពនិងមានដែនដីគ្រប់គ្រងផ្សេងទៀត នៅឡើយ។ លោក Patirck Martin អ្នកវិភាគនៅវិទ្យាស្ថានសិក្សាសង្រ្គាម នៅក្រុងវ៉ាស៊ីនតោន បានលើកឡើងថាក្រុមជីហាតនឹងប្រើយុទ្ធសាស្ត្រប្រយុទ្ធថ្មី តាមរយៈការវាយឆ្មក់ និងតាមរយៈការធ្វើភេរវកម្ម នៅទូទាំងអ៊ីរ៉ាក់។ការងារដ៏ចាំបាច់បំផុតនាពេលនេះ សម្រាប់អាជ្ញាធរអ៊ីរ៉ាក់ គឺការពារសន្តិសុខ ទប់ស្កាប់ការធ្វើភេរវកម្មនៅតាមដែនដីដែលខ្លួនគ្រប់គ្រង។

ដូចគ្នាដែរ លោក David Witty អតីតមេបញ្ជាការកងទ័ពអាមេរិក ក៏បានលើកឡើងថាថ្វីបើក្រុមជីហាតបាត់បង់ទីប្រជុំអំណាចរបស់ពួកវាមែនពិត តែមិនមែនមានន័យថា ក្រុមនេះនឹងធ្វើសកម្មភាពលែងបានទេ។បណ្តាញភេរវកម្មនេះ នឹងបន្តវាយឆ្មក់ ធ្វើភេរវកម្មនៅគ្រប់ទីកន្លែងមិនថានៅអ៊ីរ៉ាក់ ឬនៅកន្លែងផ្សេង៕ ម៉ែវ សាធី


ចែករំលែក៖