ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ឱកាសកម្ពុជាទទួលបាន តំបន់ប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំបាទ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនីធិអភិវឌ្ឍន៍មុស្លិម កម្ពុជា និងភរិយា ព្រមទាំងសហការី សូមគោរពជូនពរ និង អបរអរសាទរ​យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ បានសម្រេចចុះ តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

ការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត តែងតែយកចិត្តទុកដាក់លើកកិត្តិយសជាតិលើឆាកអន្តរជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការងារ អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌប្រកបដោយចីរភាព។

ខ្ញុំបាទ អូស្មាន ហាស្សាន់ សូម សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួនប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា​ ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និង អភិវឌ្ឍនភាពលើគ្រប់វិស័យ។

សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយឥស្លាមពរ ៣ប្រការគឺ សុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចម្រើនពើរ៉កាត់ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមគោរពជូនពរ និងអបអរសាទរពី ខ្ញុំបាទ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនីធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងភរិយា ព្រមទាំងសហការី ៕ សំរិត

 


ចែករំលែក៖