ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា សួង ស៊ីធឿន បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំងទៅ នឹងពាក្យរិះគន់របស់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ចំពោះនាង ក្រោយពីនាងបង្ហោះរូបថតទិញលៀសហាល និងសរសេរពាក្យលេងសើចខ្លះៗ។
អតីតបេក្ខជន Freshie Girls ឆ្នាំ២០១៦ កញ្ញា សួង ស៊ីធឿន បាននិយាយថា កាលពីថ្ងៃទី១០ ខែកក្កដា នាងបានទៅចូលរួមថតកម្មវិធីមួយរបស់ទូរទស្សន៍ CTN ហើយឆ្លៀតពេលទំនេរ ក៏បានចេញទៅទិញលៀសហាលនៅពីមុខស្ថានីយ ដោយមានមិត្តរួមអាជីពទៅជាមួយដែរហើយបានថតរូបនាងពេលកំពុងទិញ។
នាងថា ដោយការចូលចិត្តលេងសើចច្រើននាងបានយករូបដែលមិត្តភ័ក្កិថតបានទៅបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយ សរសេរ អក្សរថា “កញ្ញា ស៊ីធឿន មិនប្រកាន់ខ្លួនដើរចេញពីCTNមកទិញលៀសហាល”។
តារារូបនេះបន្តថា ការសរសេរពាក្យខាងលើគឺជាការនិយាយលេងសើចហើយនាងមិនដែលគិតសោះថា នាងជាតារាល្បី។
នាងថា នាងទទួលស្គាល់ថា ខ្លួននាងមិនទាន់ល្បី ហើយការសរសេរនេះគឺជាការលេងសើច ហើយអ្វីដែលនាងហួសចិត្ត និងមិនអាចទទួលយកបានគឺការរិះគន់ធ្ងន់ៗមកលើនាង បើទោះបីជានាងឆ្លើយតបសាររិះគន់វិញថាជាការនិយាយលេងសើចក្តី។
នាងថា នាងទទួលយកនូវការរិះគន់បែបកែលម្អ ហើយក៏យល់ថាក្នុងនាមជាសិល្បករត្រូវបើកចិត្តឲ្យទូលាយ ប៉ុន្តែនាងពិបាកទទួលយកការរិះគន់នូវការប្រើប្រាស់ពាក្យមិនសមរម្ភ ហើយអ្នកលេងហ្វេសប៊ុកមួយចំនួនគួរផ្លាស់ប្តូរទម្លាប់ក្នុងការសរសេរពាក្យមិនល្អរិះគន់គេ ដោយប្តូរមកការរិះគន់បែបស្ថាបនា និងមានពាក្យសមរម្ភជាច្រើនដែលគួរលើកមកនិយាយជាជាងការប្រើពាក្យប្រមាថមើលងាយ។
ស្រីវ័យ២១ឆ្នាំរូបនេះបន្តទៀតថា មុនពេលរិះគន់ក៏គួរគិតថា អ្វីដែលនាងលើកឡើងគឺជាការនិយាយលេងសើច ឬនិយាយពាក្យពិត ។ នាងថាប្រឡូកសិល្បៈមួយឆ្នាំមកនេះនាងទទួលបានការងារសិល្បៈជាបន្តបន្ទាប់បូករួមទាំងការសម្តែងថាតួឯក ប៉ុន្តែនាងគិតថា បទពិសោធន៍ និងកេរ្តិ៍ឈ្មោះរបស់នាងនៅមានកម្រិតនៅឡើយ ។
ដូចនេះនាងចង់ឲ្យអ្នករិះគន់ធ្វើការថ្លឹងថ្លែងអំពីចំណុចនេះ។ អ្វីដែលនាងចង់បញ្ជាក់ផងដែរគឺកន្លងមកនាងធ្លាប់ចូលរួមកិច្ចការងារសង្គម និងការងារមនុស្សធម៌មួយចំនួនទៀត ដូចនេះអ្នករិះគន់ក៏គួរតែជួយបញ្ចេញមតិ និងការចែកចាយបន្តគ្នានូវសកម្មភាពល្អៗនេះជាជាងតែការរិះគន់មិនសមហេតុផលតែមួយមុខនោះ៕ វឌ្ឍនា