ភ្នំពេញ៖ នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះដទៃផ្សេង២នាក់ទៀតរងរបួសធ្ងន់ ក្រោយហេតុការណ៍បើកបរម៉ូតូបុកគ្នាដួល ហើយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនថែមពីលើ រួចបើករត់គេចខ្លួនបាត់ស្រមោល ។
ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាក្សីឃើញហេតុការណ៍និយាយថា មុនកើតហេតុម៉ូតូជនរងគ្រោះពីរគ្រឿងបានបើកបុកគ្នា បណ្តាលឲ្យដួល ស្របពេលនោះរថយន្តកុងតឺន័របានមកពីក្រោយកិនថែមពីលើជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈពីរនាក់ទៀតរងរបួសធ្ងន់បាក់ជើង ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងកើតហេតុ ហើយនៅមិនទាន់ដឹងអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ៕ ជឹម ភារ៉ា