ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកោះអញ្ជើញដើមបណ្ដឹងចូលបំភ្លឺ ករណីប្តឹងចៅសង្កាត់ចាក់អង្រែលើនៃគណបក្សសង្គ្រោះជាតិ និងភរិយា ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សុខណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់និងសាក្សីពីររូប ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាកសួរលើបណ្តឹងប្តឹងលោក ស្រី ញ្ញាណ អតីតចៅសង្កាត់រងទី២និងបច្ចុប្បន្នជាចៅសង្កាត់ចាក់អង្រែលើនៃគណបក្សសង្គ្រោះជាតិ និង ភរិយា ពីបទហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា ។

ប្រភពព័ត៌មាន បញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ញ្ញាណ និង ប្រពន្ធឈ្មោះ ឈុំ សុជាតិ ត្រូវបានតុលាការចោទប្រកាន់រួចហើយ ពីបទហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា រួចបញ្ជូនសំណុំរឿងមកចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

ចន្លោះពេលនេះ លោក ហេង សុខណា ជាចៅក្រមស៊ើបសួរ បានកោះអញ្ជើញលោក តាំង ច័ន្ទសុខៃ ជាដើមបណ្ដឹងរដ្ឋប្បវេណីនិងសាក្សីពីររូប ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ។

អ្នកច្បាប់មួយរូប ថ្លែងថា ក្រោយការសាកសួរដើមបណ្ដឹងរដ្ឋប្បវេណីនិងសាក្សីពីររូប រួច ចៅក្រមស៊ើបសួរនឹងកោះហៅជនត្រូវចោទចូលបំភ្លឺម្តង ។

ដើមចមនៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ លោក តាំង ច័ន្ទសុខៃ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ កំពុងតែធ្វើការក្នុងសង្កាត់ ស្រាប់តែឈ្មោះ ឈុំ សុជាតិ បាននាំមនុស្សប្រុសម្នាក់មកចុះឈ្មោះបោះឆ្នោត ។ ដោយគ្មានឯកសារច្បាស់លាស់ ពេលនោះលោក តាំង ច័ន្ទសុខៃ បានឲ្យសាម៊ីខ្លួនទៅរកមេភូមិដើម្បីបញ្ជាក់អាស្រ័យដ្ឋាន ស្រាប់តែឈ្មោះ ឈុំ សុជាតិ បែរជាស្រែករករឿងលោក តាំង ច័ន្ទសុខៃ ហើយមានការឈ្លោះប្រកែកគ្នា ។

ប្រភពព័ត៌មាន បន្តថា ពេលនោះមកឈ្មោះ ឈុំ សុជាតិ និងប្តីឈ្មោះ ស្រី ញ្ញាណ បានស្ទុះមកវាយលោកតាំង ច័ន្ទសុខៃ បណ្តាលឲ្យធ្លាក់ទូរស័ព្ទហើយវាយជាច្រើនដៃទៀត ។ ផ្តើមចេញពីសកម្មភាពបែបនេះ ទើបលោក តាំង ច័ន្ទសុខៃ ប្តឹងជនសង្ស័យទាំងពីរនាក់តែម្តង ។

ទោះបីយ៉ាងណា ពេលនេះនៅពុំទាន់អាចសុំការបញ្ជាក់ពីលោក ស្រី ញ្ញាណ និង ប្រពន្ធឈ្មោះ ឈុំ សុជាតិ បាននៅឡើយទេ ៕ ចេស្តា


ចែករំលែក៖