ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជាប់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ជាសកម្មជន និងអ្នកសង្កេតការណ៍បោះឆ្នោត មកពីគណបក្សសង្រ្គោះជាតិ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យក្តុលដូនទាវ ក្រុងបាត់ដំបង បានរងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលក្រុងបាត់ដំបង ជាប់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងវត្តក្តុល ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ចាត សុភា ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នជាកូនសិស្សលោក រស់នៅនិងស្នាក់អាស្រ័យក្នុងវត្តក្តុល ស្ថិតក្នុងភូមិ សង្កាត់ខាងលើ។ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ចឆែកឆេររកឃើញដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន២ថង់ស្មើនិងទម្ងន់២៦.៩៥ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងឧបករណ៍សម្ភារៈសម្រាប់បំរើឱ្យការលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផងដែរ។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងឱ្យដឹងថា ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើបានសម្រេចនៅពេលនេះដោយមានការសហការនិងរាយការណ៍ពីព្រះសង្ឃនៅក្នុងវត្តក្តុល មកសមត្ថកិច្ចយើងថា នៅក្នុងវត្តមានសកម្មភាពលក់ចែកចាយថ្នាំញៀន ក្នុងនោះក៏មានកូនសិស្សលោកមួយចំនួន ក៏អាចទិញថ្នាំញៀនពីជនសង្ស័យដើម្បីយកប្រើប្រាស់ផងដែរ។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីទទួលព័ត៌មានពីព្រះសង្ឃរួចហើយ លោកក៏បានសុំគោលការពីលោកព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងឱ្យលោកដឹកនាំកម្លាំងនគរបាលក្រុងបាត់ដំបង ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដែលកំពុងធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនជាក់ស្តែងនៅក្នុងវត្តនោះតែម្តង។

លោកអធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងទៀតថា៖ ជនសង្ស័យខាងលើជាសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ដែលមានតួនាទីជាអ្នកសង្កេតការណ៍ចាប់តាំងពីតំណាក់កាលចុះឈ្មោះបោះឆ្នោត រហូតដល់តំណាក់កាលសង្កេតការណ៍ឃោសនារកសម្លេងឆ្នោត និងសង្កេតការណ៍នៅមណ្ឌលបោះឆ្នោតវិទ្យាល័យក្តុលដូនទាវលេខការិយាល័យ០៤១៧ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ ឆ្នាំ២០១៧ កាលពីកន្លងទៅថ្មីៗនេះ។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យរូបនេះជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយូរមកហើយនៅក្នុងវត្តក្តុល ស្ថិតក្នុងសង្កាត់ក្តុលដូវទាវ ក្រុងបាត់ដំបង សកម្មភាពរបស់គេគឺជនសង្ស័យយកទីតាំងវត្តនោះតែម្តងសម្រាប់ធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀន ទៅឱ្យកូនសិស្សលោក និងប្រជាពលរដ្ឋនៅខាងក្រៅវត្តផងដែរ។

ជនសង្ស័យនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបាននគរបាលក្រុងបាត់ដំបងកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមនីតិវីធីច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖