ខេត្តបន្ទាយមានជ័យ៖ កាំភ្លើងត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត មួយចំនួន បានរងការចាប់នៅក្នុងខេត្តស្រះកែវដែលជាប់ នឹងព្រំដែននៃប្រទេសកម្ពុជា។ កាំភ្លើងត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត ទាំងនោះ បានដឹកជញ្ជូនតាមរថយន្ត៣ គ្រឿង។
សេចក្តីរាយការណ៍ពីក្រុមតម្រួតថៃដែលចាប់បានអាវុធទាំងនេះ បានថ្លែងថាជន សង្ស័យជាតិថៃបាន ឆ្លើយសារភាពថា បានដឹកជញ្ជូនយកពីខាងទឹកដីកម្ពុជា។ សេចក្តីរាយការណ៍ពីប្រទេសថៃ បានអោយដឹងថា ហេតុការណ៍ចាប់អាវុធនេះបានកើតឡើង កាលពីម៉ោង១២កន្លះយប់ឈានចូលថ្ងៃទី១៨ កក្កដា។ ជនសង្ស័យ ៥នាក់ដែលដឹកជញ្ជូនអាវុធ គឺជាជនជាតិថៃទាំងអស់ និងពួកគេបានរងការចាប់ខ្លួននៅក្នុង ខេត្តស្រះកែវ។
សេច ក្តីរាយការណ៍ដដែលបានអោយដឹងថាកំលាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ បានចុះ សហការជាមួយកំលាំង អធិការដ្ឋានស្រុកអារញ្ញប្រាថេត និងកំលាំងអធិការដ្ឋានស្រុកមឿងនៃខេត្តស្រះកែវ បាន ចេញប្រតិបត្តិការ បង្ក្រាប ក្រោយព័ត៌មានសម្ងាត់បានបញ្ជាក់ថា មានករណីជួញដូរអាវុធខុសច្បាប់ ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញា ចំនួន៣គ្រឿង បានបង្ហាញខ្លួននៅកន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ។
ជនសង្ស័យថៃចំនួន៥នាក់ ដែលរង ការចាប់ខ្លួន រួមមានឈ្មោះ ១. ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ… ២. ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ ៥២ឆ្នាំ …៣. ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុស អាយុ៣០ឆ្នាំ …៤. ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និង៥. មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ ។
នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និង ធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុន ធ្ងន់ទាំងអស់ ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម …កាំភ្លើងផ្លោង ធុន ៨១ មីល្លីម៉ែត្រ ចំនួន១ដើម …គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ៣ គ្រាប់…គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ឈុត… រថយន្តចំនួន ៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ថាតើ អាវុធធ្វើសឹកទាំងនោះ ត្រៀមនឹងដឹកទៅកាន់ទីណា…,ហើយមានប្រភពច្បាស់លាស់ចេញពីណាមកទេ ប៉ុន្តែ សេចក្តីរាយការណ៍ពីក្រុមជនជាតិថៃទាំងនោះ បាននិយាយថា មានប្រភពចេញមកពីកម្ពុជា។ មន្ត្រីអ្នកនាំពាក្យ ក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ខៀវសុភ័គ្រ បានថ្លែងថាកម្ពុជាកំពុងស្រាវជ្រាវស៊ើបអង្កេតលើរបាយការណ៍ ដឹកជញ្ជួនអាវុធទាំងនោះហើយ។
សេចក្តីរាយការណ៍ពីប្រទេសថៃបានបន្តថា ជនសង្ស័យទាំង ៥ នាក់បានរងការឃាត់ខ្លួនពីបទជួញដូរអាវុធខុស ច្បាប់។ ជនសង្ស័យទាំង៥នាក់នោះ កំពុងស្ថិតក្រោមការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្រះកែវថៃដើម្បី រកព័ត៌មានបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ និងដើម្បីការចាត់វិធានការតាមផ្លូវច្បាប់។
ហេតុការណ៍ជួញដូរអាវុធខុសច្បាប់នេះ ត្រូវគេឃើញថាបានកើតឡើងជាលើកទី២ហើយនៃការចោទប្រកាន់ ដឹកជញ្ជូនចេញតាមច្រកព្រំដែនកម្ពុជា។ ហេតុការណ៍លើកទី១បានកើតឡើង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរសុន ខេត្តត្រាត ប្រទេសថៃ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយឯកឯងរបស់រថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ ឌីមេក ព៌ណខ្មៅ ពាក់ស្លាកលេខ ១៥១០ ( មានសញ្ញាកងចក្រ ) ដែលបើកបរដោយជនជាតិថៃម្នាក់ឯង ។
ក្រោយពីកើតហេតុគេឃើញក្រុមតម្រួតថៃបានចុះមកដល់ក៏បានប្រទះឃើញមានអាវុធ និងគ្រាប់ រំសេវជាច្រើននៅក្នុងរថយន្ត ទើបត្រូវឃាត់ខ្លួនអ្នកបើកបរជនជាតិថៃម្នាក់និងបន្ទាប់មកមានការឃាត់ខ្លួននគរបាលកម្ពុជាម្នាក់ផងដែរ។ អាវុធដឹកផ្ទុកក្នុងរថយន្តថៃនោះត្រូវបានជនជាតិថៃអ្នកបររថយន្តឆ្លើយសារភាពថាដឹកចេញពីច្រកព្រំដែនមួយក្នុងខេត្តកោះកុងប្រទេសកម្ពុជា។
ការចោទប្រកាន់ថាមានករណីជួញដូរអាវុធចេញពីកម្ពុជាឆ្លងកាត់ប្រទេសថៃបែបនោះសម្តេចក្រឡាហោមសខេងក៏ធ្លាប់ បានបញ្ជាអោយអគ្គស្នងការនគរបាលជាតិកម្ពុជា ធ្វើការស៊ើបអង្កេតលើរឿងការជួញដូរ អាវុធទាំងនោះផងដែរ ប៉ុន្តែលទ្ធផលនៃការស៊ើបអង្កេតនោះមិនទាន់មានសេចក្តីរាយការណ៍ថាទទួលបានលទ្ធផលនៅឡើយនោះទេ៕ សំ វិច្ឆិកា