ព័ត៌មានទាន់ហេតុការណ៍៖

នឹកឃើញអតីតកាលប្រពន្ធលួចមានប្រុសថ្មីស្ទុះដាល់មួយដៃរបួសជាំភ្នែក

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗនឹកឃើញដល់អតីតកាលប្រពន្ធរបស់ខ្លួនលួចមានប្រុសថ្មី ក៏ស្ទុះចូលទៅដាល់មួយដៃបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសជាំភ្នែក កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះជាប្រពន្ធបានសម្រេចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ឲ្យជួយអន្តរាគមន៍ជនសង្ស័យជាប្តី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ចាន់ គឹមជឿន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សៀង សុភាព អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យ និងស្ត្រីរងគ្រោះរស់នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ជនសង្ស័យ និងស្ត្រីរងគ្រោះបានរៀបមង្គលការជាមួយគ្នាជាប្តី​ប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លុះមកដល់រយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ​អ្នកទាំង២បានឈ្លោះប្រកែកលែងលះជាមួយគ្នាអស់មួយរយៈពេលខ្លី ទើបយល់ព្រមរួមរស់នៅ​ជាមួយគ្នាវិញ ។ ក្រោយមកជនសង្ស័យចេះតែមានការសង្ស័យថា អំឡុងពេលលែងលះគ្នានោះស្ត្រីជាប្រពន្ធលួចលាក់មានប្រុសថ្មី ។ លុះមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យមានសភាពស្រវឹង ក៏និយាយរករឿងស្ត្រីជាប្រពន្ធរឿងលួចមានប្រុសថ្មី និងបានដាល់ស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសជាំលើភ្នែកថែមទៀត ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ជនសង្ស័យជាប្តី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖