ព័ត៌មានទាន់ហេតុការណ៍៖

ទ្រី តារាវុធ ថាលោកមិនមែនជាកូនកាត់ខ្មែរ អិស្លាមអ្វីទេ

ចែករំលែក៖

ភ្នំពេញ៖ Freshie Boy លេខ១ជំនាន់ទី១៥ ឆ្នាំ២០១៦ ទ្រី តារាវុធ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខក្នុងសម្លៀកបំពាក់ប្រពៃណីអ៊ីស្លាមជាមួយតារាសម្តែងណាតាហ្សា។ តារាប្រុសរូបនេះអះអាងថាលោកមិនមែនជាកូនកាត់ខ្មែរអ៊ីស្លាមទេ។

អ្វីដែលធ្វើឲ្យទស្សនិកជនមានចម្ងល់គឺការលេចចេញរូបថតក្នុងសំលៀកបំពាក់ប្រពៃណីអ៊ីស្លាម។ ជុំវិញចម្ងល់នេះ ទ្រី តារាវុធ បញ្ជាក់ថាកន្លងមកពិតជាមានទស្សនិកជនជាច្រើនសួរនាំអំពីរឿងនេះ។

លោកថា លោកមិនមែនជាកូនកាត់ខ្មែរអ៊ីស្លាមទេ គឺលោកជាកូនខ្មែរ ហើយអ្វីដែលលោកស្ថិតក្នុងសំលៀកបំពាក់បែបប្រពៃណីជនជាតិអ៊ីស្លាមនេះគឺជាការថតបង្ហាញម៉ូដលើកទី២ឲ្យសម្អាងការ ”ឡានីកា” ដែលជាសម្អាងការល្បីឈ្មោះខាងតុបតែងក្នុងពិធីមង្គលការជនជាតិខ្មែរអ៊ីស្លាមតែប៉ុណ្ណោះ។

លោកថា រូបថតនេះគឺគ្រាដែលលោកចូលរួមបង្ហាញម៉ូតក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី២១ និង២២ ខែ កក្កដានេះ។ លោកថាមិនមានអ្វីដែលគួរ លាក់ឬខ្មាសអៀនទេប្រសិនបើលោកជាកូនកាត់ខ្មែរអ៊ីស្លាមមែន។

លោកទទួលស្គាល់ថា ឪពុកលោកជាខ្មែរសុទ្ធ ហើយម្តាយជាកូនកាត់ខ្សែស្រលាយ ចិន។ លោកបញ្ជាក់ដែរថា អ្នកគាំទ្រលោកមួយចំនួននៅតំបន់ឬស្សីកែវយល់ថាលោកជាកូនកាត់អ៊ីស្លាមព្រោះតែគេឧស្សាហ៍ឃើញលោកបង្ហាញវត្តមាននៅតំបន់នោះ ។

តារាវ័យ២៣ឆ្នាំរូបនេះបន្តថា លោកចេញចូលតំបន់នោះញឹកញាប់ព្រោះលោកបំពេញការងារជាពិធីកររបស់ទូទស្សន៍My TV និងមានក្រុមការងារមិត្តភ័ក្កិនៅតំបន់នោះ ដូចជាតារាសម្តែង កញ្ញា ណាតាហ្សា ជាដើម។
តារារូបនេះបង្ហាញអារម្មណ៍រីករាយ និងប្លែកខ្លាំងក្រោយពីបានគ្រងសំលៀកបំពាក់ប្រពៃណីអ៊ីស្លាមដែលមានម៉ូតសំលៀកបំពាក់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។

លោករំពឹងថានឹងទទួលបានឱកាសការបង្ហាញម៉ូតនេះជាថ្មីនាពេលដ៏ខ្លីខាងមុខផងដែរ។ លោកថា ក្រោយជាប់ជ័យលាភីលេខមួយលើការប្រឡង កម្មវិធី Freshie Boy ទ្រី តារាវុធ ទទួលបានឱកាសច្រើនទាំងការងារជាពិធីករ បង្ហាញម៉ូត និងជាតារាសម្តែង។

ថ្មីៗនេះលោកទើបនឹងបញ្ចប់ការសម្តែងជាតួលើកដំបូងក្នុងរឿង “សសរកន្លោង” របស់ផលិតកម្ម ឥន្ទ្រានិម្មិត ហើយក៏គ្រោងនឹងបញ្ចេញស្នាដៃថ្មីៗបន្តទៀតនៅពេលដ៏ខ្លីខាងមុខ៕ វឌ្ឍនា

 


ចែករំលែក៖