ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបន្តនីតិវិធី សំណុំរឿងអតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ករណីផលិតគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ រហូតមកទល់ល្ងាចថ្ងៃទី០៥ ខែសីហា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណុំរឿងលោក ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធបទល្មើសកែច្នៃនិងផលិតគ្រឿងញៀន ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ពេលនេះតុលាការពុំទាន់សម្រេចយ៉ាងណាទេ ។ នៅថ្ងៃទី០៦ ខែសីហា ទើបតុលាការសាកសួរបន្តទៀត ។

លោក ថា ” បន្ទាប់ពីអយ្យការបានទទួលសំណុំរឿងនិងជនសង្ស័យឈ្មោះ ញឹក ប៊ុនឆៃ ហើយបានដំណើរការនីតិវិធីសាកសួររួមការពិនិត្យឯកសារពាក់ព័ន្ធនានា អយ្យការនឹងបន្តចំណាត់ការនៅថ្ងៃស្អែកទៀត(០៦សីហា)ដើម្បីសម្រេចអំពីរឿងនេះ ដោយរក្សាជនសង្ស័យនៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។

ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។

តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕ ចេស្តា


ចែករំលែក៖