ខេត្តកណ្ដាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៦កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំនុំរឿអចាត់ការតាមច្បាប់។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ផា ណុប ហៅតុប ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ សុខ ណាត ហៅត្រេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់ខាងលើមានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៦កញ្ចប់ ,ទូរស័ព្ទដៃចំនួន២គ្រឿង ,កូនកាំបិតចំនួន១ និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង២នាក់ខាងលើនេះគឺជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មភាពក្នុងភូមិសាស្រ្ដឃុំសិត្បូ ស្រុកស្អាង ដែលសមត្ថកិច្ចបានកំណត់ និងតាមដានជាយូរមកហើយ ។ រហូតមកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ទើបចុះធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យ ឆែកឆេរលំនៅឋានរកឃើញថ្នាំញៀនចំនួន២៦កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀនខាងលើនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយពួកគេទាំង២នាក់បានទិញនៅម្ដុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ២០ម៉ឺនរៀល ៕ ស្អាងជ័យ