ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាចាប់ខ្លួនជនសង្ស័យ២នាក់រួមជាមួយវត្ថុតាងថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លា ចេញល្បាតក្នុងភូមិសាស្រ្ដនៅពេលយប់ចាប់បានជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកក​កចំនួន១កញ្ចប់ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិទួលក្ដី ឃុំត្រើយស្លា បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកអនុសេនីយ៍ឯក ពុយ ទ្រី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឲ្យដឹងថាជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ស្រ៊ុយ សុខហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទី២ឈ្មោះ ឡាត់ ណាក់ ហៅទុយ តាំង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ។ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ដកណ្ដាល ។

លោកនាយប៉ុស្តិ៍បានបន្ដថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលបានចេញល្បាត ខណៈនោះបានទទួលព័ត៌មានថា មានជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅក្នុងចំការស្វាយ ។ ភ្លាមនោះលោកបានដឹកនាំកម្លាំងនគរបាលប៉ុស្ដិ៍ចុះធ្វើការស្រាវជ្រាវឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង២នាក់ដកហូតវត្ថុតាងថ្នាំញៀន១កញ្ចប់និងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖