ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញកាំកុងត្រូលបន្តបង្រ្កាបកាកសំណល់ផលិតផលបក្សីឆ្អឹង និងជង្គង់មាន់ជិត១តោនខូចគុណភាពឈ្មួញនាំពីប្រទេសថៃចូលមកក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីតែផលចំណេញផ្ទាល់ខ្លួនមិនគិតសុខភាពអ្នកដទៃ ឈ្មួញនៅតែបន្តលួចលាក់នាំចូលផលិតផលបក្សីខូចគុណភាពហាមឃាត់ខុសច្បាប់បង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋខ្មែរ។

មន្រ្តីជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបានបន្តរឹតបន្តឹងបង្រ្កាបបានកាកសំណល់ផលិតផលបក្សីឆ្អឹង និងជង្គង់មាន់ជិត១តោនខូចគុណភាពហាមឃាត់ច្បាប់ទៀតនោះហើយដើម្បីដុតកម្ទេចចោលខណៈដែលឈ្មួញនាំពីប្រទេសថៃចូលមកក្រុងប៉ោយប៉ែត ដឹកបង្កប់តាមរទះកម្មករ នាំចូលតាមច្រអន្តរជាតិប៉ោយប៉ែត ។

ការបង្រ្កាបផលិតផលបក្សីហាមឃាត់ខុសច្បាប់ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលដឹកនាំបង្រ្កាបផ្ទាល់ដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពីវេលាម៉ោង១២នាទីនិង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបមន្រ្តីជំនាញឃាត់បានតែផលិតផលបក្សីខូចគុណភាសរុប៨២០គីឡូក្រាម ចំណែកឈ្មួញអ្នកនាំចូលបានរត់គេចខ្លួន ខណៈដែលមន្រ្តីជំនាញកំពុងឆែកឆេរត្រួតពិនិត្យរទេះកម្មករដឹកផលិតផលបក្សីហាមឃាត់ខុសច្បាប់។

លោក លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ផលិតផលទាំងនោះត្រូវបានច្បាប់ក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាហាមឃាត់មិនអនុញ្ញាតិឱ្យនាំចូលក្នុងប្រទេសកម្ពុជានោះឡើយវាជាប្រភេទផលិតផលកាកសំណល់ ដែលខាងថៃគេពន្លះយកសាច់អស់ នៅសល់តែឆ្អឹង ហើយឈ្មួញខ្មែរបែរជានាំចូលលួចលាក់ខុសច្បាប់ បម្រុងយកមកចែកចាយ នៅលើទីផ្សារកម្ពុជា មិនគិតពីផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋខ្មែរដែលមិនបានដឹងទិញយកទទួលទានបង្កគ្រោះថ្នាក់សុខភាពយ៉ាងធ្ងន់នោះ។

លោកប្រាប់ឱ្យដឹងទៀតថា មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យដើម្បីគិតគូពីសុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញ អនុវត្តតាមតួនាភារកិច្ច បានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យជាប្រចាំដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបរាល់ផលិតផលទំនិញខូចគុណភាព និងទំនិញគ្មានសុវត្ថិភាពនៅមាត់ច្រកទ្វារព្រំដែន និងនៅលើទីផ្សារ ។ កន្លងមកផលិតផលទំនិញខូចគុណភាពជាច្រើនសន្ធឹកសន្ធាប់ត្រូវបានមន្រ្តីជំនាញបង្ការទប់ស្កាត់និងបង្រ្កាបបានជាបន្តបន្ទាប់ផងដែរ។

លោកបញ្ជាក់ឱ្យដឹងទៀតថា បើតាមច្បាប់ទាំងឈ្មួញ និងអ្នកស៊ីឈ្នួលដឹកជញ្ជូនមានចេតនានាំចូលផលិតផលទំនិញខូចគុណភាព បង្គគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋ ត្រូវប្រឈមនិងមុខច្បាប់ដាក់ទោសទណ្ឌស្មើភាពគ្នា ។ ផលិតផលបក្សីខូចគុណភាពខាងលើនៅរសៀលថ្ងៃដដែលត្រូវបានមន្រ្តីជំនាញយកទៅដុតកម្ទេចចោលដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរនោះ។

សូមរំលឹកថាផលិតផលបក្សីខូចគុណភាពនោះដែរកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ផលិតផលបក្សីខូចគុណភាពសរុប៦២០គីឡូក្រាមក៏ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបានធ្វើការបង្រ្កាប និងយកដុតបំផ្លាញចោលរួចហើយផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖