ខេត្តកំពងធំ៖ រយះពេល២ថ្ងៃមានមនុស្ស ប្រុស ស្រី ៤នាក់ បានលង់ទឹកស្លាប់ នៅចំណុច២ផ្សេងគ្នា នៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពធំ។
តាមប្រភពព័ត៌មានពី លោកវរៈសេនីយ៍ទោ ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក បានប្រាប់ឲ្យដឹងថា ចំណុចទី១កើតឡើងកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅតំបន់ត្នោត១ដើមក្នុងស្ទឹងក្រយា(ក្រយៀ) ភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយសារស្ត្រីរងគ្រោះមានគ្នា៣នាក់បាននាំគ្នាយកអញ្ចងទៅអូសត្រីនៅតាមដងស្ទឹងក្រយា ក៏បណ្តាលឲ្យលង់ទឹកទាំង៣នាក់ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាទៅចុះងូជទឹករាវរក ឃើញក្មេងស្រីម្នាក់ ឈ្មោះ រ៉ុង គឹមឡាង ភេទស្រីអាយុ១៥ឆ្នាំ ត្រូវជាកូនជួយសង្គ្រោះជីវិតទាន់ពេលវេលា រហូតដល់រសៀលថ្ងៃទី៦ ខែសីហា ទើបឃើញសាកសពឈ្មោះ មឹប ឡូត អណ្តែតឡើង អាយុ៤៤ឆ្នាំត្រូវជាម្តាយ បន្ទាប់មករហូតដល់ ព្រឹកថ្ងៃទី៧ ខែសីហា ទើបឃើញសាកសពម្នាក់ទៀតឈ្មោះ យួត ទីន ភេទស្រីអាយុ១៥ឆ្នាំ ជាអ្នកភូមិជាមួយដែលបានសុំទៅអូសត្រីជាមួយបានអណ្ដែតឡើង។
ឯចំណុចទី២ ក៏មានបុរសម្នាក់បានលង់ទឹកស្រះស្លាប់ ជនរងគ្រោះឈ្មោះ ឌីម ឌឿន ភេទប្រុស អាយុ៣៣ ឆ្នាំរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំជាមនុស្សផឹកស្រាស្រវឹងខួបរាល់ថ្ងៃ និយាយមិនសូវដឹងខុសត្រូវ បានបាត់ខ្លួនកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៨នេះ ទើបឃើញសាកសព។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួច ក៏ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី