ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានឃាតខ្លួន ពេលដែលបានចូលលួចទូរស័ព្ទនៅក្នុងហាងមួយកន្លែង ក្រោយពេលធ្វើសកម្មភាពបាន១ថ្ងៃត្រូវម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ វាំង ពូយ ២១ឆ្នាំ មុខរបរមិនពិតប្រាកដឃាត់ខ្លួនបានមុនទី២ ឈ្មោះ សា មីប៉ោង អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ ឃាត់ខ្លួនបាននៅផ្ទះសំណាក់អប្សរា ២ ។
តាមសម្តីពីជនរងគ្រោះឈ្មោះ ហួន លី អាយុ២៤ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ រូបគាត់បានចាក់សោតូបលក់ ដូចជាធម្មតាហើយបានទៅផ្ទះដូចរាល់ដង តែនៅព្រឹកថ្ងៃទី៨ ខែសីហា បានមកបើកតូប ស្រាប់តែឃើញមានដំបូលរបើកបានទៅមើលទូរស័ព្ទដែលដាក់នៅក្នុងទូ បានបាត់អស់ចំនួនជាង១០គ្រឿង ហើយនៅថ្ងៃដដែល បានបើកកាមរ៉ាឆែកមើល ឃើញមានជនសង្ស័យ២នាក់ បានចូលធ្វើសកម្មភាពចូលលួចហើយជាមុខសញ្ញាចាស់ផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល៣ថ្ងៃដដែល បានឆេកកាមរ៉ាសុវត្ថិភាពទៀត បានឃើញជនសង្ស័យម្នាក់បានដើរកាត់ខាងមុខតូបលក់ បានឃាត់ខ្លួនសួរនាំ ទើបជននេះបានសាភាពថា ខ្លួនពិតជាបានលួចពិតប្រាកដមែន ហើយក៏មានបក្ខពួកម្នាក់ទៀត ដែលកំពុងតែដេកនៅក្នុងផ្ទះសំណាក់ផងដែរ បានប្រគល់ឲ្យសម្ថតកិច្ចសួរនាំបន្ត ។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍បានសាកសួរទៅលើជនសង្ស័យរួចហើយបានសហការជាមួយនឹងកម្លាំងព្រហ្មទណ្ឌខណ្ខមានជ័យ ដឹកជនសង្ស័យម្នាក់ ហើយទៅយកបានម្នាក់ទៀត ដែលកំពុងតែសោយសុខក្នុងផ្ទះសំណាក់។
ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យត្រូវបាននាំទៅរកទូរស័ព្ទដែលពួកគេលាក់ទុកនៅក្នុងដីឡូត៍១កន្លែងបាន៥គ្រឿង ចំណែកប៉ុន្មានគ្រឿងទៀត បានយកទៅលក់អស់។
បច្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ តាឡឹម