ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ កម្ពុជា-ម៉ាឡេស៊ី គ្រោង សហការគ្នា ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកសំណង់នៅកម្ពជា តាមតម្រូវការបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជា កំពុងតម្រូវ ការផ្នែកសំណង់កើនឡើង ឥតឈប់ឈរ និង ដោយមើលឃើញពីសក្តានុពលរបស់កម្ពុជា ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស រាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលមានក្រសួងសាធារណការ បានបញ្ជូនប្រតិភូជាន់ខ្ពស់ របស់ខ្លួន មកទស្សនរកិច្ច សិក្សានៅកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាពីលទ្ធភាព នៃប្រទេសទាំងពីរ ឈានទៅសហការគ្នា ដើម្បីបណ្តុះ បណ្តាលធន ធានមនុស្សផ្នែកសំណង់ នៅកម្ពុជាដ៏ឆាប់ៗខាងមុខនេះ ។

លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បែបនេះ ខណៈ លោក ទទួលជួបពិភាក្សាការងារ ជាមួយ ប្រតិភូក្រសួងសាធារណៈការម៉ាឡេស៊ី ដឹកនាំដោយ Dato’ Ir. Ahmad ‘Asri Bin Abdul Hamid នាយកប្រតិបត្តិ ក្រុមប្រឹក្សាអភិវឌ្ឍន៍ ឧស្សាហកម្មសំណង់ម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី០៩ សីហា ឆ្នាំ២០១៧ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ តាមគម្រោង ម៉ាឡេស៊ី មានបំណងពីរ គឺអាចបង្កើត សាលាបណ្តុះ បណ្តាល បច្ចេកទេស នៅកម្ពុជាដោយផ្ទាល់ ដើម្បីបណ្តុះ បណ្តាលដល់និស្សិតកម្ពុជា និងមួយទៀតអាចចាប់ដៃគូរ ជាមួយស្ថាប័នសិក្សាណាមួយ ដើម្បីផ្តល់ជាអាហារូបករណ៍ ដល់និស្សិតកម្ពុជាឲ្យសិក្សាលើជំនាញបច្ចេកទេស ឬយកតម្លៃសិក្សាទាបបំផុត ដល់និស្សិតឲ្យមានឱកាសសិក្សា។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះគម្រោងនេះ ដោយផ្ទាល់ថា៖ សិស្ស និស្សិតកម្ពុជា នឹងមានឱកាសសិក្សាជំនាញបច្ចេកទេសនេះ កាន់តែច្រើន ដែលនឹងអាចទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ នៅពេលបម្រើការងារទាំងក្នុង និងក្រៅប្រទេស។ យ៉ាង ណាមិញ ម៉ាឡេស៊ី និងប្រទេសដ៏ទៃទៀត ក៏កំពុងតែខ្វះខាតកម្លាំងពលកម្មផ្នែកបច្ចេកទេសសំណង់ច្រើន ហើយកម្ពុជាយើងក៏មានធនធានមនុស្សច្រើនដែរ ដែលនេះជាការល្អ ដោយយើងគ្រាន់តែសហការគ្នាបណ្តុះបណ្តាលបន្ថែម លើជំនាញបច្ចេកទេស នោះគេនឹងអាចស្រូបយកកម្លាំងពលកម្មជំនាញ ពីប្រទេសយើងបានក្នុងកម្រិតប្រាក់បៀវត្សរ៍កាន់តែខ្ពស់។

ក្នុងឱកាសនោះដែរ លោកក៏បាន ទស្សនកិច្ចវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព របស់និស្សិត ក្នុងការអនុវត្តដោយផ្ទាល់ ពីជំនាញបច្ចេកទេសផ្សេងៗ ក្នុងនោះមាន ជំនាញរៀបឥដ្ឋ ការបង្កើតឡានបញ្ជា ពិនិត្យមើលពីការអនុវត្តលើការរៀបចំអគ្គិសនី ជាដើម។

លោកDato’ Ir. Ahmad ‘Asri Bin Abdul Hamid ក៏បានកោតសសើរចំពោះ ស្នាដៃនិស្សិតកម្ពុជាដែលមាន ទេពកោសល្យខ្ពស់ ក្នុងការរៀបចំ និងបង្កើតគំនិតថ្មីៗ ទោះបី ជាពួកគាត់នៅជានិស្សិតក្តី។ បន្ទាប់ពីបានត្រួតពិនិត្យពីការ សិក្សា ក៏ដូចជាការនុវត្តដោយផ្ទាល់ របស់និស្សិតកម្ពុជា នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសព្រះកុសុមៈ លោកDato’ Ir. Ahmad ‘Asri Bin Abdul Hamid ក៏បានកោតសរសើរចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេក ទេសនៅកម្ពុជា និងមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយកម្ពុជា ក្នុងការលើកកម្ពស់គុណភាព បច្ចេក ទេសសំណង់ឲ្យកាន់តែមានភាពល្អប្រសើរឡើងមួយកំរិតទៀត ៕ សំរិត


ចែករំលែក៖