ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រធានាធិបតីអាមេរិកចេញឱសានវាទដល់កូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានគំរាមកំហែង ដល់កូរ៉េខាងជើងពី លទ្ធផល អាក្រក់បំផុត ក្រោយពេលដែល អាមរិកទទួលបានព័ត៌មានថាកូរ៉េខាងជើង ផលិតបានក្បាលគ្រាប់បរមាណូ រួមតូច សម្រាប់បំពាក់ លើកាំជ្រួចមីស៊ីលឆ្លងទ្វីប។

សារព័ត៌មាន CNNកាលពីថ្ងៃទី៨ខែសីហាបានដកស្រង់សម្តី ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំបញ្ជាក់ថា «កូរ៉េខាង ជើង យកល្អមិនត្រូវមានការគំរាមកំហែងណាមួយផ្សេងទៀត ដល់អាមេរិក។ បើមិន ដូច្នេះទេ នឹងទទួលរងនូវភ្លៀងមីស៊ីល ដែលពិភពលោក មិនធ្លាប់បានឃើញ»។

ការប្រកាសរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំកើតឡើង ក្រោយពេលដែល សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយ ថា កូរ៉េខាងជើង ផលិតបានគ្រាប់បែក បរមាណូរួមតូច សម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ។ ប៉ុន្តែអាមេរិក បញ្ជាក់ ថាកូរ៉េខាងជើង មិនទាន់សាកល្បងអាវុធ បរមាណូបង្រួមតូចនៅឡើយ។ តាមការ បញ្ជាក់របស់ក្រុមចារកម្មអាមេរិក កូរ៉េខាង ជើងមានបរមាណូ ដែលអាចបំពាក់នៅលើមីស៊ីលឆ្លងទ្វីប។

មន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញ ឈ្មោះ បានលើកឡើងពីបញ្ហាបរមាណូ កូរ៉េខាងជើង ដោយបញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោន គួរតែចាប់អារម្មណ៍ទៅលើ អ្វីដែលមេដឹកនាំគីម ជុងអ៊ុន បាននិយាយស្តីពីកម្មវិធីបរមាណូរបស់ប្រទេសនេះ ដើម្បីត្រៀមលក្ខណៈទប់ទល់។

តាមមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រ និងសន្តិសុខ អន្តរជាតិរបស់អាមេរិក បាន បញ្ជាក់ថា គិតដល់ចុងឆ្នាំ២០១៦ កូរ៉េខាង ជើង មានគ្រាប់បែកបរមាណូពី១៣ដល់ ៣០គ្រាប់។

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៥ ខែសីហា បានសម្រេច ដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង ដោយសារតែទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលឆ្លងទ្វីប ២គ្រាប់ជា បន្តបន្ទាប់ ។ឆ្លើយតបនឹងការដាក់ទណ្ដ កម្មទាំងនោះទីក្រុងព្យុងយ៉ាង បានគំរាមថា នឹង ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនក្លាយទៅជា សមុទ្រភ្លើង ។

ការគំរាមរបស់អាមេរិកបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ សហគមន៍អន្តរជាតិ ពិការ ពីការវាយប្រហាររបស់អាមេរិកទៅលើកូរ៉េខាងជើង ហើយការវាយប្រហារនោះអាច ចាប់ផ្តើម នៅខែកញ្ញាខាងមុខ ក្រោយ ពេលអាមេរិកបានស្នើឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីកូរ៉េខាងជើង និងឈប់ទៅ កាន់ទីនោះ ដោយគ្មានការអនុញ្ញាត។ ទាំងនោះជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកអាចនឹងមានសកម្មភាព អ្វីមួយ ទៅលើកូរ៉េខាងជើង ដូចអ្វីដែលរដ្ឋាភិបាលអាមេរិកបានប្រកាសថា អាមេរិកមាន ដំណោះស្រាយទៅលើកម្មវិធី មីស៊ីលនិង បរមាណូនៅកូរ៉េខាងជើង។

នៅពេលនេះដែរអាមេរិកខិតខំបញ្ចុះ បញ្ចូល ប្រទេសជាច្រើន នៅក្នុងតំបន់ឲ្យ ដកខ្លួនចេញពីកូរ៉េខាងជើង គឺប្រទេសតំបន់អាស៊ានពិសេសគឺប្រទេសថៃ ដែលមាន ទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង និងជាសម្ពន្ធមិត្តរបស់អាមេរិកផងដែរ។

កាលពីថ្ងៃទី៨ ខែសីហា រដ្ឋមន្ត្រីការ បរទេសអាមេរិក បានធ្វើដំណើរទៅប្រទេសថៃនៅក្នុងបំណងបញ្ចុះបញ្ចូលរដ្ឋាភិបាលសឹកថៃ ឲ្យកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ទស្សនកិច្ចមួយ ថ្ងៃនៅទីក្រុងបាងកក របស់ប្រមុខការទូត អាមេរិក ធ្វើឡើង នៅក្រោយពេលអាមេរិកទាមទារបានសម្រេច ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើក ទី៧ លើកូរ៉េខាងជើង។

ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ ចូល ដឹកនាំប្រទេសថៃ នៅឆ្នាំ២០១៤ នេះជា លើកទី១ ហើយដែលមន្រ្តីជាន់ខ្ពស់របស់អាមេរិក ធ្វើដំណើរទស្សនកិច្ចទៅប្រទេស ថៃ។ គោលដៅចម្បងនៃទស្សនកិច្ចរបស់ប្រមុខការបរទេសអាមេរិកនៅទីក្រុងបាងកក គឺបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលសឹកថៃ ឈប់ធ្វើជំនួញ ពាណិជ្ជកម្មតទៅទៀតជា មួយកូរ៉េខាងជើង។ កូរ៉េខាងជើងដែលទើប រងការដាក់ទណ្ឌកម្មលើកទី៧ ពីក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅក្រោយ ការបាញ់សាកល្បងជាលើក ទី២ មីស៊ីលបាលីស្ទីកអន្តរទ្វីបនៅខែកក្កដាកន្លងទៅ។ តាមអាមេរិក ទណ្ឌកម្មសេដ្ឋ កិច្ចលើកនេះ របស់ក្រុមប្រឹក្សាសន្តិសុខ នឹងអាចធ្វើឲ្យកូរ៉េខាងជើង ក្នុងមួយឆ្នាំបាត់បង់ទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ។

រដ្ឋមន្រ្តីការបរទេសអាមេរិកមានហេតុផលដែលត្រូវទៅបញ្ចុះបញ្ចូលរដ្ឋាភិបាលថៃ ក្នុងរឿងដាក់សម្ពាធលើកូរ៉េខាងជើង ព្រោះថា ថៃដែលជាសម្ពន្ធមិត្តចាស់ឆ្នាំរបស់អាមេរិក នៅតែបន្តមានទំនាក់ទំនង ការ ទូត និងពាណិជ្ជកម្មទូលំទូលាយជាមួយរបបកុម្មុយនីស្តព្យុងយ៉ាង។ Susan Thornton មន្រ្តីការទូតអាមេរិកដែលធ្វើដំណើរអម លោករេច ធីល័រសុន បាននិយាយប្រាប់ អ្នកកាសែត នៅថ្ងៃនេះ ថា អាមេរិក កំពុង បារម្ភកាន់តែខ្លាំង ដែលឃើញ ក្រុមហ៊ុន នាំចេញ និងនាំចូល របស់កូរ៉េខាងជើង យកទីក្រុងបាងកកធ្វើជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម នៅក្នុងតំបន់។

តាមក្រសួងការបរទេសថៃ ការដោះ ដូរពាណិជ្ជកម្មរវាងថៃ នឹងកូរ៉េខាងជើង មានចំនួនទឹកប្រាក់ ១២៦លានដុល្លារ នៅឆ្នាំ២០១៤ ពោលគឺកើនឡើង៣ដង បើប្រៀបធៀបនឹងឆ្នាំ ២០០៩។ ជាផ្លូវការ កូរ៉េខាងជើងនាំចេញ គ្រឿងអគ្គិសនី និងផលិតផលគីមី ទៅលក់នៅប្រទេស ថៃ។ ផ្ទុយមកវិញថៃនាំចេញ ស្ករ ត្រី និងកៅស៊ូ ទៅកូរ៉េខាងជើង។

តាមមន្រ្តីអាមេរិក នៅប្រទេសថៃ លោករេច ធីល័រសុននឹងបញ្ចុះបញ្ចូលឲ្យ រដ្ឋាភិបាលសឹកថៃ បិទទ្វារក្រុមហ៊ុនកូរ៉េខាងជើងទាំងនោះ ក្នុងគោលដៅ បិទខ្ទប់ទាំង ស្រុង ប្រភពចំណូល របស់ក្រុងព្យុងយ៉ាង។ ដើម្បីចាប់គាប បន្ថែមលើកូរ៉េខាងជើង សហរដ្ឋអាមេរិកនឹងទាមទារផងដែរ ឲ្យ ទីក្រុងបាងកក រឹតបន្តឹងលើការផ្តល់ទិដ្ឋា ការដល់ជនជាតិកូរ៉េខាងជើង ដែលរហូត មកដល់ពេលនេះ មានលក្ខណៈធូររលុង ពីសំណាក់អាជ្ញាធរថៃ។ រឹតបន្តឹងលើជនជាតិកូរ៉េខាងជើងជាទូទៅ ប៉ុន្តែលើកលែង ចំពោះជនជាតិកូរ៉េខាងជើង ដែលបានរត់ ភៀសខ្លួនចេញពី របបផ្តាច់ការកូរ៉េខាង ជើង។ នៅក្នុងន័យនេះ អាមេរិកប្រាថ្នាចង់ ឲ្យក្រុងបាងកក សន្តោសប្រណី ដល់ជន ភៀសខ្លួនកូរ៉េខាងជើង ដែលបានប្រើ ប្រាស់ទឹកដីថៃ បន្ទាប់ពីចិន ឬម៉ាឡេស៊ី ជាកន្លែងឆ្លងកាត់ សំដៅទៅប្រទេសកូរ៉េ ខាងត្បូង៕ ម៉ែវ សាធី


ចែករំលែក៖