ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ សាលាឧទ្ធរណ៍សវនាការរឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី

ចែករំលែក៖

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១០ ខែសីហា នេះ នឹងបើកសវនាការរឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធ
បទល្មើសបរិហារកេរ្តិ៍ចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។

លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែសីហា ។

គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល ។

លោកចៅក្រម អ៊ី ថាវរៈ ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនលោកស្រី ថាក់ ឡានី ផងដែរ ខណៈជនជាប់ចោទបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ។

លោកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។

ដើម្បីស្វែងរកភាពយុត្តិធម៌ និង ភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល ប៉ុណ្ណោះ ៕ចេស្តា


ចែករំលែក៖