ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា ហើយបានជិះម៉ូតូរេពេញផ្លូវត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូរងគ្រោះម៉ាកសេរូស ពណ៌ខ្មៅពាក់ស្លាកលេខ (ក្លែងក្លាយ) ស្វាយរៀង 1AT,7888 បើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿងក្នុងស្ថានភាពស្រវឹង។
លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចសុីសRX350 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AB,0976 បើកបរដោយបុរសម្នាក់ជាមន្ត្រីយកងរាជអាវុធហត្ថបើកបរក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿនដូចគ្នា ព្រោះតែអ្នកជិះម៉ូតូរេពេញផ្លូវ ក៏គេចមិនទាន់ទើបជ្រុលបុកម៉ូតូជនរងគ្រោះពេញទំហឹង បើកបុកអូសប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់ជើងខាងស្តាំ។
ចំណែកម៉ូតូរងគ្រោះវិញ បណ្តាលឲ្យបាក់កាំម៉ូតូផ្នែកខាងមុខខ្ទេច និងខូចខាត់យ៉ាងដំណំ បន្ទាប់មក ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិចឯកជនសម្ភព សុខលាភមេត្រីបានដឹកយកទៅព្យាបាលភ្លាមៗផងដែរ។
ដោយឡែកអ្នកបើកបរឡើងរថយន្តបង្កចេញទៅបាត់។
ប្រភពបានបន្តទៀតថា ខណៈដែលជនបង្កគេចខ្លួនបាត់ហើយមានបុរស២នាក់ និងស្ត្រីម្នាក់បើករថយន្តលុចស៊ីសពណ៌សដោយចោទប្រកាន់ទៅលើជនរងគ្រោះថា រថយន្តខាងបើកមកឈប់មួយកន្លែងត្រូវជនរងគ្រោះបើកបុកខ្លួនឯង ហើយចោទថា ជនរងគ្រោះជាចោរទៀត ដោយសម្គាល់ស្លាកលេខក្លែងក្លាយ។
ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យវាស់វែងយករថយន្ត និងម៉ូតូខាងលើយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕ សុខាសែនជ័យ