ព័ត៌មានទាន់ហេតុការណ៍៖

លោក សួន សេរីរដ្ឋា បញ្ជូនដល់តុលាការហើយនៅរសៀលនេះ ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបញ្ជូនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះ  ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា ។  ខណៈនេះ តុលាការកំពុងបន្តនីតិវិធី ។
លោក សួន សេរីរដ្ឋា ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែសីហា នៅចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សារបង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា លោក សួន សេរីរដ្ឋា សរសេរថា “ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ ” ។
ទង្វើរបស់លោក សួន សេរីរដ្ឋា ត្រូវបានមេទ័ពកម្ពុជា កងទ័ព និង មហាជន ថ្កោលទោសយ៉ាងខ្លាំងក្លា និង សូមឲ្យតុលាការចាត់ការតាមច្បាប់ ៕ចេស្តា

ចែករំលែក៖